ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើន ការផលិតអាវុធនុយក្លេអ៊ែរ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងឃ្លាំងអាវុធ នុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ចំពេលមានភាពតានតឹងនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការងារ សម្រាប់ការដំឡើង ក្បាលគ្រាប់ នុយក្លេអ៊ែរ នៅលើមីស៊ីលផ្លោង ហើយបន្ទាប់មកបាន ស្តាប់របាយការណ៍ ពីវិទ្យាស្ថានអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើងស្តីពីវឌ្ឍនភាពនៃឆ្នាំថ្មីៗនេះក្នុងការពង្រឹងគុណភាព និងបរិមាណនៃកងកម្លាំងប្រដាប់ អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

របាយការណ៍នោះបានសរសេរថា មេដឹកនាំកូរ៉េខាងជើង បានចោទសត្រូវរបស់ប្រទេសលោកថា បានត្រៀមខ្លួនយ៉ាងល្អឥតខ្ចោះ ក្នុងការប្រើអាវុធនុយក្លេអ៊ែរ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ទីភ្នាក់ងារនេះបានដកស្រង់សម្តីលោក គីម ដែលបាននិយាយថា “យើងមិនគួរពេញចិត្ត នឹងការងារដើម្បីបង្រួបបង្រួម ឥរិយាបថឆ្លើយតបយ៉ាងហ្មត់ចត់នៃកម្លាំងនុយក្លេអ៊ែររបស់យើងទេ ហើយគួរតែបន្តខិតខំពង្រឹង កម្លាំងនុយក្លេអ៊ែរជាលំដាប់” ។

មេដឹកនាំកូរ៉េខាងជើងបានកត់ សម្គាល់ពីតម្រូវការក្នុងការ “ពង្រីកលើការមើលឃើញវែងឆ្ងាយនៃការផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធ និងជំរុញឱ្យបន្តផលិតអាវុធ នុយក្លេអ៊ែរដ៏មានអានុភាព” ដើម្បីសម្រេចបាននូវគោលដៅ របស់ប្រទេសនៃការកើនឡើង ជាលំដាប់នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបន្ថែមថា អាវុធនុយក្លេអ៊ែររបស់ប្រទេស មិនមែនសំដៅប្រឆាំងនឹងរដ្ឋផ្សេងទៀត ឬក្រុមជាក់លាក់នោះទេ ប៉ុន្តែប្រឆាំងនឹងសង្រ្គាម និងគ្រោះមហន្តរាយនុយក្លេអ៊ែរដោយខ្លួនឯង ដោយកត់សម្គាល់ថា អាជ្ញាធរកូរ៉េខាងជើង ខិតខំដើម្បី “សន្តិភាព និងស្ថិរភាពក្នុងតំបន់ពី A ដល់ Z”៕

To Top