ហុងឌុយរ៉ាស់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ការប្រយុទ្ធគ្នាក្នុងសង្គ្រាមការទូតដ៏ខ្លាំងក្លារវាងប្រទេសចិន និងកោះតៃវ៉ាន់ កំពុងកើតឡើងនៅក្នុងទឹកដីអាមេរិកឡាទីន ដែលប្រទេសហុងឌូរ៉ាស់ បានក្លាយជាប្រទេសចុងក្រោយគេបង្អស់ដែលបោះបង់ចោលក្រុងតៃប៉ិ ហើយចងសម្ព័ន្ធភាពជាមួយក្រុងប៉េកាំង ។
ប្រទេសប៉ារ៉ាហ្គាយនឹងក្លាយជារណសិរ្សបន្ទាប់ ខណៈដែលខ្លួនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែមេសាខាងមុខនេះ ដោយបេក្ខជនប្រឆាំង Efrain Alegre បានប្តេជ្ញាវាយតម្លៃទំនាក់ទំនងឡើងវិញជាមួយក្រុងតៃប៉ិ ប្រសិនបើគាត់ឈ្នះឆ្នោត ។
គួរបញ្ជាក់ថា បន្ទាប់ពីការផ្តាច់ទំនាក់ទំនងរបស់ប្រទេសហុងឌូរ៉ាស់ជាមួយកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យកន្លងទៅ មានតែប្រទេសប៉ារ៉ាហ្គាយ និងប្រទេសចំនួន១២ផ្សេងទៀតដែលឥឡូវនេះរក្សាទំនាក់ទំនងការទូតជាមួយកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងដូចជា៖ Guatemala, Belize, Haiti, the Holy See, Eswatini និងប្រទេសកោះ Caribbean និងប៉ាស៊ីហ្វិកតូចៗចំនួន៧ ។
លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេស Guatemala និង Belize នៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនង បន្ទាប់ពីប្រទេសហុងឌូរ៉ាស់ និងប្រទេសដទៃទៀតបានផ្លាស់ប្តូរភក្តីភាពរបស់ពួកគេចំពោះប្រទេសចិន រួមមាន នីការ៉ាហ្គានៅឆ្នាំ២០២១ ប្រទេសអែលសាល់វ៉ាឌ័រក្នុងឆ្នាំ២០១៨ ប៉ាណាម៉ានៅឆ្នាំ២០១៧ និងកូស្តារីកាក្នុងឆ្នាំ២០០៧ ។
លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ ក៏នឹងមានការឈប់សម្រាកនៅក្រុង New York និងរដ្ឋ Los Angeles សហរដ្ឋអាមេរិកផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា