ព័ត៌មានអន្តរជាតិ

Update៖ រកឃើញអាវុធជាច្រើននៅក្នុងផ្ទះ ក្រោយមានករណីបាញ់សម្លាប់សិស្សសាលា ចំនួន៦នាក់ នៅក្រុង Nashville សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា មនុស្សចំនួន៦នាក់ ក្នុងចំណោមពួកគេ ៣នាក់ជាកុមារ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សានៅក្រុង Nashville សហរដ្ឋអាមេរិក ។
ជនរងគ្រោះជានិស្សិតត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Evelyn Dieckhaus, Hallie Scruggs និង William Kinney ដែលមានអាយុ៨ ឬ ៩ឆ្នាំ ។
ជនរងគ្រោះពេញវ័យត្រូវបានគេស្គាល់ថា ឈ្មោះ Cynthia Peak អាយុ៦១ឆ្នាំ ឈ្មោះ Katherine Koonce អាយុ៦០ឆ្នាំ និងឈ្មោះ Mike Hill អាយុ៦១ឆ្នាំ ។

មន្ត្រីបានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Audrey Hale អាយុ២៨ឆ្នាំ ដែលត្រូវបានប៉ូលិសបាញ់សម្លាប់ ។

ប៉ូលិសជឿថា ខ្មាន់កំាភ្លើង Hale គឺជាអតីតសិស្សនៅសាលានៅទីនោះ ។

ពួកគេបញ្ជាក់ថា អាវុធជាច្រើនទៀតត្រូវបានរកឃើញពីផ្ទះរបស់ Hale រួមទាំងកាំភ្លើងខ្លី១ដើម និងកាំភ្លើងទី២ ផងដែរ ។

គេបានដឹងថា សាលារៀននៅក្រុង Nashville គឺជាសាលាឯកជនគ្រីស្ទានសម្រាប់សិស្សដែលមានអាយុពី៣ឆ្នាំទៅ១១ឆ្នាំ ។

គិតចាប់តាំងពីការបាញ់ប្រហារនេះកើតឡើង លោកប្រធានាធិបតី ចូ បៃដិន បានអំពាវនាវជាថ្មី ឱ្យសភាចាត់វិធានការលើអំពើហិង្សាដោយប្រើកាំភ្លើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top