បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញការប្រកាសបញ្ជាកងកម្លាំងប៉ូលីស បន្ថែមប្រមាណជា ១៣០០០នាក់ទៀត ទៅកាន់បណ្តាទីក្រុងសំខាន់ៗ ដែលកំពុងប្រឈមមុខទៅនឹង ក្រុមបាតុករជាច្រើនពាន់នាក់។
យោងតាមការចេញផ្សាយរបស់ RT លោក Darmanin បាននិយាយថាគាត់ជឿជាក់ថា ក្រុមបាតុករដែលកំពុងនាំគ្នាតវ៉ាប្រឆាំង ទៅនឹងបញ្ហាកំណែទំរង់ប្រាក់សោធននិវត្តន៍ទាំងនោះថា នឹងមានក្រុមសកម្មជនរ៉ាឌីកាល់ជាច្រើននាក់ ពីបរទេសដើម្បីជួយញុះញង់ឱ្យមាន អំពើហិង្សានៅក្នុងប្រទេសបារាំង។
ការប្រកាសកាលពីថ្ងៃចន្ទលោក Darmanin ធ្លាប់បានចេញបញ្ជាឲ្យមានការចល័តប៉ូលីស ប្រមាណជា៥០០០នាក់ម្តងហើយ ដើម្បីឈរជើងនៅក្នុងទីក្រុងប៉ារីស។
គួរឲ្យដឹងដែរថាបារាំងបានក្លាយជា ជនរងគ្រោះដោយការតវ៉ាឥតឈប់ឈរ និងកុប្បកម្មចាប់តាំងពីប្រធានាធិបតី Emmanuel Macronបានអនុម័តច្បាប់ដំឡើង អាយុចូលនិវត្តន៍សម្រាប់កម្មករភាគច្រើនពី ៦២ទៅ៦៤ឆ្នាំ។
បាតុករជាងមួយលាននាក់ បានដើរតាមផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ហើយរាប់រយនាក់ត្រូវបានចាប់ខ្លួន។ នៅទីក្រុងប៉ារីស បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស និងការដុតភ្លើងនៅតាមដងផ្លូវ នៃរដ្ឋធានីបារាំងផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី