ព័ត៌មានអន្តរជាតិ

Update: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បញ្ជាឱ្យដាក់ពង្រាយប៉ូលីស ១៣ ០០០នាក់ទៅកាន់ដងផ្លូវ នៃទីក្រុងសំខាន់ៗ របស់ប្រទេសបារាំង

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានបញ្ជាឱ្យមន្ត្រីប៉ូលីសចំនួន ១៣ ០០០ នាក់ទៅកាន់ដងផ្លូវនៃទីក្រុងសំខាន់ៗ របស់ប្រទេសបារាំង ខណៈដែលការតវ៉ាប្រឆាំង នឹងកំណែទម្រង់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលនៅតែបន្ត។ លោក Darmanin បាននិយាយថា លោករំពឹងថា “សកម្មជនផ្លាស់ប្តូរសង្គម” ពីបរទេស អាចនឹងបង្កញុះញង់ ឲ្យមានអំពើហិង្សានៅក្នុងបាតុកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Darmanin បានប្រកាសពីការដាក់ពង្រាយនៅយប់ថ្ងៃចន្ទ ដោយបន្ថែមថា មន្រ្តីចំនួន ៥ ០០០ នាក់ នឹងត្រូវឈរជើងនៅទីក្រុងប៉ារីស មុនពេលការហែក្បួននៅថ្ងៃអង្គារ។

លោកបាននិយាយថា “សេវាកម្មរបស់យើងរំពឹងថា នឹងមានការរំខានយ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សាធារណៈ” ដោយលោកថា “សកម្មជនផ្លាស់ប្តូរសង្គមជាង ១ ០០០ នាក់ដែលខ្លះមកពីបរទេសអាចចូលរួមក្នុងការតវ៉ានៅទីក្រុងប៉ារីស Nantes ឬ ទីក្រុង Rennes” ។

លោក Darmanin បាននិយាយថា “សកម្មជនផ្លាស់ប្តូរសង្គម” ទាំងនេះភាគច្រើនជាពួកឆ្វេងនិយម និងអ្នកអនាធិបតេយ្យ ។ លោកបានអះអាងថា «គោលដៅរបស់ពួកគេគឺធ្វើឲ្យស្ថាប័ន សាធារណៈរដ្ឋរបស់យើងមានអស្ថិរភាព ហើយនាំឲ្យមានការបង្ហូរឈាម និងដុតបំផ្លាញប្រទេសបារាំង»។

សូមជម្រាបថា ប្រទេសបារាំងបានរងគ្រោះ ដោយការតវ៉ាឥតឈប់ឈរ និងកុប្បកម្មចាប់តាំងពីប្រធានាធិបតី Emmanuel Macron មិនបានឆ្លងសភាកាលពីដើមខែនេះ ដើម្បីអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ សម្រាប់កម្មករភាគច្រើនពី ៦២ឆ្នាំ ទៅ ៦៤ឆ្នាំ ។ បាតុករជាងមួយលាននាក់ បានដើរតាមផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ហើយរាប់រយនាក់ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស និងការដុតភ្លើងនៅតាមដងផ្លូវនៃរដ្ឋធានីបារាំង

ប្រែសម្រួលៈ ណៃ តុលា

To Top