ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដើមទាស់ពាក្យសម្ដីគ្នា

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់អ៊ីស្រាអែលថា ខ្លួនមិនអាចបន្តការជំរុញ ទៅមុខជាមួយនឹងកំណែទម្រង់ ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដោយឥឡូវនេះត្រូវបានផ្អាក ដែលបានជំរុញឱ្យ មានចលាចលជាច្រើនខែ ហើយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឆ្លើយតបទៅវិញថា លោកមិនធ្វើការសម្រេចចិត្តដោយផ្អែកលើសម្ពាធមក​ពី​ក្រៅ​ប្រទេសនោះឡើយ។

ការអត្ថាធិប្បាយរបស់លោក បៃដិន កាលពីថ្ងៃអង្គារបានកើតឡើង ខណៈដែលលោក ណេតាន់យ៉ាហ៊ូ កំពុងត្រូវបានចោទប្រកាន់ដោយក្រុមប្រឆាំងថា បានជិះជាន់លើលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ក្នុងការប៉ុនប៉ង ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនដែលនាំឱ្យមានការតវ៉ា និងការវាយប្រហារដ៏ខ្វិននៅទូទាំងប្រទេសអ៊ីស្រាអែល។

លោកបានលើកឡើងថា “ដូច​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​របស់​អ៊ីស្រាអែល ​ជា​ច្រើន​នាក់ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។ ពួកគេ​មិន​អាច​បន្ត​តាម​ផ្លូវ​នេះ​បាន​ទេ ហើយ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ”។

លោក បៃដិន បានលើកឡើងថា “ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីលោក ណេតាន់យ៉ាហ៊ូ នឹងធ្វើសកម្មភាពតាមរបៀបមួយ ដែលលោកនឹងព្យាយាមធ្វើការសម្រុះសម្រួលពិតប្រាកដមួយចំនួន ប៉ុន្តែនៅតែត្រូវមើលឃើញ” ដោយលោក បៃដិន បានបន្ថែមថា លោកមិនកំពុងពិចារណាអញ្ជើញមេដឹកនាំអ៊ីស្រាអែលទៅកាន់សេតវិមាននោះទេ ហើយយ៉ាងហោចណាស់ មិននៅក្នុងរយៈពេលដ៏ខ្លី” ។

ថ្លែងនៅពេលក្រោយនៅទីក្រុង Washington, DC លោក បៃដិន បានអំពាវនាវឱ្យរដ្ឋបាលរបស់លោក ណេតាន់យ៉ាហ៊ូ ទម្លាក់ច្បាប់តុលាការដ៏ចម្រូងចម្រាសនេះចោល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំសង្ឃឹមថា ពួកគេនឹងដើរចេញពីវា” ។ លោក​បាន​បន្ត​ថា “​អ៊ីស្រាអែល​ជា​ប្រទេស​អធិបតេយ្យ​មួយ ​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឆន្ទៈ​របស់​ប្រជាជន​ខ្លួន​ និង​មិន​ផ្អែក​លើ​សម្ពាធ​ពី​បរទេស​ រួម​ទាំង​ពី​មិត្ត​ល្អ​បំផុត​”។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា រដ្ឋបាលរបស់លោក កំពុងខិតខំធ្វើកំណែទម្រង់ “តាមរយៈការឯកភាពទូលំទូលាយ”។ លោកថា “ខ្ញុំបានស្គាល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយខ្ញុំសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់លោក ចំពោះអ៊ីស្រាអែល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top