ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង កាត់ទោសប្រហារជីវិត ដល់ជនណាជួញ ដូរគ្រឿងញៀន និងផ្សព្វផ្សាយ ព័ត៌មាន កូរ៉េខាងត្បូង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងជើង កាត់ទោសប្រហារជីវិតមនុស្ស ដោយសារគ្រឿងញៀន ការចែករំលែកប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងត្បូង និងសកម្មភាពសាសនា ខណៈដែលប្រទេសនេះ រារាំងសិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋ ដែលជាគូប្រជែងរបស់ខ្លួន គឺប្រទេសកូរ៉េខាងត្បូង ។ នៅក្នុងរបាយការណ៍មួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ ផ្អែកលើរបាយការណ៍ ៤៥០ទំព័រ ស្តីពីសក្ខីកម្មដែលប្រមូល បានពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ពីជនជាតិកូរ៉េខាងជើង ជាង៥០០នាក់ ដែលបានភៀសខ្លួនពីស្រុកកំណើតរបស់ពួកគេ ។

ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ថា “សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ កូរ៉េខាងជើង ហាក់ដូចជាត្រូវបានគំរាមកំហែងយ៉ាងខ្លាំង” ។

“ការកាត់ទោសត្រូវបានអនុវត្តយ៉ាងទូលំទូលាយចំពោះទង្វើដែលមិនបង្ហាញអំពីភាពត្រឹមត្រូវនៃការកាត់ទោសប្រហារជីវិត រួមទាំងឧក្រិដ្ឋកម្មគ្រឿងញៀន ការចែកចាយវីដេអូរបស់កូរ៉េខាងត្បូង និងសកម្មភាពសាសនា និងអបិយជំនឿ” ។

ប្រទេសកូរ៉េខាងជើង បានច្រានចោលការរិះគន់លើលក្ខខណ្ឌសិទ្ធិរបស់ខ្លួនដែលជាផ្នែកមួយនៃផែនការដើម្បីផ្តួលរំលំមេដឹកនាំរបស់ខ្លួន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top