ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សាឡាងដឹកមនុស្ស ជាង២០០នាក់ បានឆាបឆេះ នៅភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃពុធ ដោយបានបណ្តាល ឲ្យអ្នកដំណើរយ៉ាងតិច ១០នាក់បាត់បង់ជីវិត ។
ដោយលើកឡើងពីរបាយការណ៍ដំបូង លោក Nixon Alonzo ប្រធានការិយាល័យ កាត់បន្ថយ និងគ្រប់គ្រងគ្រោះ មហន្តរាយនៅក្នុងខេត្ត Basilan បានប្រាប់ដល់វិទ្យុក្នុងស្រុកថា អ្នកដំណើរចំនួន៧នាក់ ដែល បានលោតចូលទៅក្នុង សមុទ្រនៅតែបាត់ខ្លួននៅឡើយ ។ យ៉ាងហោចណាស់អ្នកដំណើរ ១៩៥នាក់ និងនាវិក៣៥នាក់ ត្រូវបានជួយសង្គ្រោះ ។
លោកបានលើកឡើងថា ក្រុមអ្នកជួយសង្គ្រោះបាន រកឃើញសាកសពមនុស្សចំនួន៤នាក់នៅលើកសាឡង់ ខណៈមនុស្សចំនួន៦នាក់ ត្រូវបាននាំទៅកាន់ច្រាំង ។
លោក Alonzo បានបញ្ជាក់ថា “អ្នកដំណើរបានស្លាប់ដោយសារលង់ទឹក បន្ទាប់ពីលោតចូលទៅក្នុងទឹក។ ខ្លះបានរងរបួសរលាកភ្លើង” ។
លោក Alonzo បានលើកឡើង ថា សាឡាង M/V Lady Mary Joy ត្រូវបានធ្វើដំណើរទៅកាន់ទីក្រុង Zamboanga ពី Jolo នៅគ្រាដែលសាឡង់នេះ បានឆេះនៅក្នុងទឹកនៃកោះ Baluk-Baluk ក្នុងទីក្រុង Hadji Muhammad នៃខេត្ត Basilan កាលពីម៉ោង១០យប់ម៉ោងក្នុងស្រុកនៅថ្ងៃពុធ ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយលើកឡើងថា ខ្លួនបានដាក់ពង្រាយបុគ្គលិក និងនាវារបស់ខ្លួន ដើម្បីជួយក្នុងប្រតិបត្តិការ ស្វែងរក និងជួយសង្គ្រោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកស្លាប់ និងរបួសនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា