វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងស្វែងរកអាវុធ បន្ថែមពីកូរ៉េខាងជើង សម្រាប់សង្គ្រាម អ៊ុយក្រែន ដោយបង្ហាញពីអត្តសញ្ញាណ របស់បុរសជនជាតិស្លូវ៉ាគី ដែលត្រូវបានចោទ ប្រកាន់ថា ជាឈ្មួញកណ្តាលចុះកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង ។
អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានលើកឡើងថា “យើងមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្ម ដើម្បីទទួលបានគ្រាប់បែក បន្ថែមពីកូរ៉េខាងជើង” ។
គាត់បានបញ្ជាក់ថា បុរសនោះត្រូវបានគេស្គាល់ថា ឈ្មោះ Ashot Mkrtychev អាយុ៥៦ឆ្នាំមកពី Bratislava កំពុងធ្វើការលើការលក់ដែលទាក់ទងនឹងអាវុធ និងកិច្ចព្រមព្រៀងដោះដូររវាងប្រទេស ទាំង២នៅចន្លោះចុងឆ្នាំ២០២២ដល់ដើមឆ្នាំនេះ។
លោកបានបញ្ជាក់ថា “ដោយមានការគាំទ្រពីមន្ត្រីរុស្ស៊ី លោក Mkrtychev បាននឹងកំពុងព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងអាវុធសម្ងាត់រវាងរុស្ស៊ី និងកូរ៉េខាងជើង” ។
ស្ថិតក្រោមការពិភាក្សា គឺសម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការបញ្ជូនអាវុធ និងគ្រាប់បែក “ជាច្រើន” ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមរតនាគារ សហរដ្ឋអាមេរិក ដែលបានដាក់លោក Mkrtychev ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់ខ្លួន ។
ជាថ្នូរនឹងគ្នានេះ រតនាគារបានឲ្យដឹងថា ក្រុងព្យុងយ៉ាង នឹងទទួលបានសាច់ប្រាក់ យន្តហោះពាណិជ្ជកម្ម ទំនិញ និងវត្ថុធាតុដើម ។
លោក Kirby បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន យល់ឃើញថា រុស្ស៊ីស្វែងរកការបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ហើយកំពុងផ្តល់អាហារដល់ក្រុង ព្យុងយ៉ាងជាថ្នូរនឹងគ្រាប់បែក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា