ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន១៣នាក់ បាត់បង់ជីវិត ក្រោយពីមានករណី បាក់កាំជណ្តើរធ្លាក់ចូល ក្នុងអណ្តូងទឹក ក្នុងប្រាសាទហិណ្ឌូ នៅប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់អ្នកកាន់ សាសនាចំនួន១៣នាក់ ត្រូវបានស្លាប់ និងជាច្រើននាក់ទៀត ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានធ្លាក់ចូល ទៅក្នុងអណ្ដូងទឹក ដែលនៅក្នុងប្រាសាទហិណ្ឌូ ក្នុងប្រទេសឥណ្ឌា ។

អ្នកថ្វាយបង្គំជាង២៥នាក់ បានធ្លាក់ចូលក្នុងអណ្តូងទឹក ដែលជាប្រភពទឹកសហគមន៍ ដែលមានជណ្តើរពីលើ បន្ទាប់ពីពួកគេបានដើរជាន់ពីលើ ហើយបានបាក់រលំ ស្ថិតនៅកណ្តាលទីក្រុង Indore ។

លោក Narottam Mishra រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Madhya Pradesh បានប្រាប់ដល់អ្នកយកព័ត៌មានថា “ប៉ូលិសបានរកឃើញសាកសព ចំនួន១១នាក់ពីអណ្តូងទឹកនោះ ហើយមនុស្ស២នាក់ បានស្លាប់ដោយសាររបួស របស់ពួកគេនៅមន្ទីរពេទ្យ” ។

លោក Mishra បានបញ្ជាក់ថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះឧបទ្ទវហេតុនេះ ហើយក្រុមគ្រួសារ នៃអ្នកស្លាប់នឹងត្រូវបានផ្តល់សំណងផងដែរ ។

លោក Manish Kapooriya មន្ត្រីប៉ូលិស បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ហើយអ្នករបួសត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យរដ្ឋាភិបាលដើម្បីព្យាបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top