ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅដល់ប្រទេស នៅអាមេរិកកណ្តាល ធ្វើឲ្យចិន មានការខឹងសម្បារយ៉ាងខ្លាំង

ហ្គាតេម៉ាឡា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅដល់ប្រទេសហ្គាតេម៉ាឡាកាលពីថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ចមួយដើម្បីពង្រឹងចំណងមិត្តភាព ជាមួយសម្ព័ន្ធមិត្តដែលកំពុងធ្លាក់ចុះ បន្ទាប់ពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំង ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Tsai ទៅកាន់ប្រទេសនេះ និងប្រទេសជិតខាងនៅអាមេរិកកណ្តាលគឺ Belize ធ្វើឡើងបន្ទាប់ពីប្រទេសហុងឌុយរ៉ាស់ បានក្លាយជាប្រទេសចុងក្រោយគេដែលកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិ ដើម្បីគាំទ្រដល់ក្រុងប៉េកាំង ។

លោកស្រីប្រធានាធិបតីបានឈប់សម្រាកនៅក្រុងញ៉ូវយ៉កតាមផ្លូវហើយបានប្រកាសផែនការជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy នៅរដ្ឋកាលីហ្វ័រនីញ៉ានៅគ្រាដែលលោកស្រីធ្វើដំណើរត្រលប់មកវិញ ។

ក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា គ្មានហេតុផលសម្រាប់ប្រទេសចិន ដើម្បី “ប្រតិកម្មខ្លាំងជ្រុល” ចំពោះការធ្វើដំណើរ “ធម្មតា និងគ្មានព្រឹត្តិការណ៍” នោះទេ ប៉ុន្តែក្រុងប៉េកាំងបានព្រមានសហរដ្ឋអាមេរិកកំពុង “ប្រលែងជាមួយភ្លើង” ។

លោកស្រីTsai បានមកដល់ប្រទេសហ្គាតេម៉ាឡា កាលពីរសៀលថ្ងៃសុក្រ ជាកន្លែងដែលលោកស្រីត្រូវបានទទួលដោយកិត្តិយសយោធា និងបានជួបដោយរដ្ឋមន្ត្រីការបរទេស Mario Bucaro ។

លោកស្រីបានជួបប្រជុំខ្លីមួយជាមួយប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei ដែលរដ្ឋាភិបាលរបស់លោកស្រីបានប្រកាសថា កោះតៃវ៉ាន់ ជា “ចិនតែមួយគត់ និងពិត” មុនពេលមេដឹកនាំទាំង២ធ្វើសន្និសីទសារព័ត៌មានរួមមួយបញ្ជាក់ពីចំណងមិត្តភាពរបស់ពួកគេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top