ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា នឹងដាក់អាវុធ នុយក្លេអ៊ែរ នៅបេឡារុស្ស គឺជាប់នឹងព្រំដែនណាតូតែម្ដង

ម៉ូស្គូ ៖ ប្រេសិតរុស្ស៊ីប្រចាំទីក្រុងមីនស៍បានឲ្យដឹងថា រុស្ស៊ីនឹងដាក់អាវុធ នុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេស បេឡារុស្ស នៅជិតព្រំដែន សម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយប្រទេសណាតូ ក្នុងសកម្មភាពមួយ ដើម្បីបង្កើនភាពតានតឹង ជាមួយលោកខាងលិច។

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសបេឡារុស្ស លោក Boris Gryzlov បានឲ្យដឹងថា សព្វាវុធនឹងត្រូវផ្លាស់ប្តូរទៅកាន់ព្រំដែន ភាគខាងលិច របស់ប្រទេសនេះ ដែលជាផ្នែកនៃចលនា ដើម្បីធានាសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljaeera ។

លោក Gryzlov បានប្រាប់ទូរទស្សន៍រដ្ឋ បេឡារុស្សថា “វានឹងត្រូវបានធ្វើទោះបីជាមានសំលេងរំខាន នៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ” ។ លោកថា កន្លែងស្តុកទុកមួយនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី០១ ខែកក្កដា ដោយមិនបានបញ្ជាក់ច្បាស់ថា អាវុធទាំងនោះនឹង ត្រូវដាក់នៅទីណានោះទេ។

ការអត្ថាធិប្បាយរបស់ បេសកជននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុនបានប្រកាសពីផែនការ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេស បេឡារុស្ស។

គួរបញ្ជាក់ថា បេឡារុស្ស មានព្រំប្រទល់ជាប់ជាមួយប្រទេស លីទុយអានី ឡាតវី និង ប៉ូឡូញ ដែលសុទ្ធតែជាសមាជិករបស់អង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធា ត្រូវបានបង្កើតឡើងដំបូង ដើម្បីរារាំងការពង្រីកទឹកដី របស់សូវៀត នៅអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top