គ៊ែរ៖ អារ៉ាប៊ីសាអូឌីត និងអ្នកផលិតប្រេង OPEC + ផ្សេងទៀតបានប្រកាសកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ដែលមានចំនួនប្រហែល ១,១៥លានបារ៉ែល ក្នុងមួយថ្ងៃ ដោយហៅវាថាជា “វិធានការប្រុងប្រយ័ត្ន” ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារ។
ក្រុមប្រទេសទាំង ២៣ ត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវការកាត់បន្ថយចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្រម ព្រៀងគ្នារួចហើយ នៅពេលដែលគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ជួបប្រជុំគ្នានៅ ថ្ងៃចន្ទនេះ។
កាលពីខែតុលា អង្គការ OPEC+ ដែលរួមមានអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តចំនួន ១០ ដឹកនាំដោយរុស្ស៊ី បានយល់ព្រមលើការកាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដោយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ខឹងសម្បារដោយសារតែការផ្គត់ផ្គង់កាន់តែតឹងតែងជំរុញតម្លៃប្រេង។
សហរដ្ឋអាមេរិកបានអះអាងថា ពិភពលោកត្រូវការតម្លៃទាប ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងរារាំងប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីការរកប្រាក់ចំណូលបន្ថែម ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមអ៊ុយក្រែន។
ការកាត់បន្ថយការស្ម័គ្រចិត្ត ដែលមិនបានរំពឹងទុកនៅថ្ងៃអាទិត្យ ដែលចាប់ផ្តើមពីខែឧសភាមក បន្ថែមពីលើអ្វីដែល បានព្រមព្រៀងគ្នារួចហើយនៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ទីក្រុងរីយ៉ាដ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយទិន្នផលចំនួន ៥០ម៉ែនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលប្រទេសអ៊ីរ៉ាក់ នឹងកាត់បន្ថយការផលិតរបស់ខ្លួនចំនួន ២១១០០០បារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ៕