ម៉ូស្គូ៖ រុស្ស៊ីកំពុងសាកល្បងយានជំនិះគ្មានមនុស្សបើកថ្មីដែលបំពាក់ដោយកាំជ្រួចប្រឆាំងរថក្រោះនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
កាលពីថ្ងៃសុក្រ អតីតប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Dmitry Rogozin បានបង្ហោះវីដេអូទៅកាន់បណ្ដាញ Telegram អំពីអ្វីដែលហាក់ដូចជាយានជំនិះគ្មានមនុស្សបើក Marker (UGV) បាញ់សាកល្បងកាំជ្រួចប្រឆាំងរថក្រោះ Kornet ។
ត្រលប់ទៅខែមករា លោក Rogozin ដែលឥឡូវនេះជាប្រធានក្រុមយោធា Tsar Wolves បានឲ្យដឹងថា រថយន្ដ Marker នឹងទទួលលទ្ធផលតាមរយៈការធ្វើតេស្តនៅក្នុងដុនបាស។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោក Rogozin បានឲ្យដឹងថា ការប្រើប្រាស់រថយន្ដ Marker និងកាំជ្រួចប្រឆាំងរថក្រោះរបស់ពួកគេប្រឆាំងនឹងរថក្រោះសមរភូមិសំខាន់ស្តង់ដាររបស់អង្គការណាតូភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសថា ពួកគេនឹងប្រគល់រថក្រោះ Abrams និង Leopard ទៅកាន់អ៊ុយក្រែន។
លោក Rogozin បានប្រាប់ RIA Novosti ឲ្យដឹងថា “ភ្លាមៗនៅពេលដែលការបញ្ជូនរថក្រោះ Abrams និង Leopard ទៅកាន់កងទ័ពអ៊ុយក្រែន ចាប់ផ្តើម រថយន្ដ Marker នឹងទទួលបានរូបភាពអេឡិចត្រូនិច ដែលត្រូវគ្នា ហើយនឹងអាចរកឃើញដោយស្វ័យប្រវត្តិ និងវាយប្រហាររថក្រោះអាមេរិក និងអាល្លឺម៉ង់” ។ រុស្ស៊ីធ្លាប់បានអះអាងថា កាំជ្រួចប្រឆាំងរថក្រោះ Kornet អាចកំទេចចរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ផលិតដោយអាល្លឺម៉ង់។
លោកបានសរសេរនៅលើ Twitter ថា “ការធ្វើតេស្តត្រូវបានធ្វើឡើងនៅក្នុងវាលបើកចំហ” ដោយគ្មានកម្ទេចថ្ម ប្រឡាយ ឬអគារ។ លោកបានបន្ថែមថា ទោះបីជាអ៊ុយក្រែន មានកន្លែងបើកចំហបែបនេះក៏ដោយ “វាទំនងជាថានៅក្នុងការប្រយុទ្ធគ្នាពិតប្រាកដរថយន្ដ Marker នឹងមានបរិយាកាសស្មុគស្មាញជាង ដើម្បីឆ្លងកាត់” ៕ប្រែសម្រួល ឈូក បូរ៉ា