បរទេស៖ នៅក្នុងសុន្ទរកថាពីរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសទៅលើ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក បន្ទាប់ពីបានសារភាពថា លោកមិនមានទោសពីបទឧក្រិដ្ឋចំនួន៣៤ ហើយ លោក Donald Trump ក៏បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និង “ការស៊ើបអង្កេតក្លែងបន្លំ” ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Trump ថ្លែងសុន្ទរកថាទៅកាន់អ្នកទស្សនាផ្ទាល់ កាលពីយប់ថ្ងៃអង្គារដោយទទូចថា មិនមាន “ករណី” ប្រឆាំងនឹងលោកបន្ទាប់ពីត្រលប់មកផ្ទះវិញ ពីញូវយ៉កជាកន្លែងដែលគាត់ ត្រូវបានតុលាការចោទប្រកាន់ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅព្រឹកនេះ។
លោកបាននិយាយថា “ខ្ញុំមិនដែលគិតថាមានរឿងបែបនេះ អាចកើតឡើងនៅអាមេរិកទេ… ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបាន ប្រព្រឹត្តគឺការពារប្រទេសជាតិរបស់យើង ដោយមិនខ្លាចញញើតពី អ្នកដែលស្វែងរកការបំផ្លាញវា” លោកបានបន្ថែមថា ករណីចុងក្រោយនេះគឺជាផ្នែកមួយនៃ “ការវាយប្រហារនៃការស៊ើបអង្កេតក្លែងបន្លំ” ដែលនាំមកដោយគណបក្សប្រជាធិបតេយ្យ។
លោក Trump បានអះអាងថាចាប់តាំងពីគូប្រជែង “មិនអាចវាយយើងនៅសន្លឹកឆ្នោតបាន” ពួកគេបានព្យាយាម “វាយយើងតាមរយៈច្បាប់” ដោយបញ្ជាក់ឡើងវិញនូវការអះអាង ពីមុនរបស់គាត់មួយចំនួនអំពី ការក្លែងបន្លំការបោះឆ្នោតដែល រីករាលដាលនៅក្នុងការប្រណាំងប្រធានាធិបតីឆ្នាំ ២០២០ ។ លោកបានច្រានចោល ការចោទប្រកាន់លើគាត់ថា ជា “ក្លែងបន្លំ” ដោយនិយាយថា គោលបំណងរបស់ពួកគេគឺ “ជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនេះ” ហើយគួរតែត្រូវបាន “ទម្លាក់ភ្លាមៗ” ៕
ប្រែសម្រួលៈ ណៃ តុលា