ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើដំណើរ “ឆ្លងកាត់” របស់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក និងជំនួបរវាងលោកស្រី និងប្រធានសភាអាមេរិក Kevin McCarthy ដែលជាមន្ត្រីជាន់ខ្ពស់ទីបី នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។
អ្នកនាំពាក្យចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា វាបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិ នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។
លោលស្រីបានលើកឡើងថា “យើងជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក មិនអនុញ្ញាតឱ្យការធ្វើដំណើរឆ្លងកាត់” របស់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក និងមិនរៀបចំឱ្យមានកិច្ចប្រជុំ ឬទំនាក់ទំនងណាមួយឡើយ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ភាគីចិននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ នៅពេលដែលខ្លួនអភិវឌ្ឍ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស៕ ប្រែសម្រួល ឈូក បូរ៉ា