ព័ត៌មានអន្តរជាតិ

ជប៉ុន ស្វាគមន៍ការបង្កើនការចូលរួមរបស់ណាតូ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា លោកស្វាគមន៍ ចំពោះការកើនឡើងនៃការចូលរួមរបស់ប្រទេសសមាជិកណាតូ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិន បានក្លាយជាការអះអាងផ្នែកយោធាកាន់តែខ្លាំងឡើង។

ក្នុងអំឡុងសម័យប្រជុំបន្ថែមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ រយៈពេលពីរថ្ងៃនៅទីក្រុងប្រ៊ុចសែល លោក Hayashi ក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរបស់ជប៉ុន ជាមួយសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ចំពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែប្រែប្រួល ដែលកាន់តែអាក្រក់ទៅៗដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក Hayashi បានលើកឡើងថា ប្រទេសជប៉ុន មិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ដែលជាពាក្យពេញនិយមដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដោយខ្លួនឯង។ គោលគំនិត​នេះ​ត្រូវ​បាន​គេ​ប្រើ ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​រីក​ចម្រើន​ផ្នែក​យោធា និង​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​ក្នុង​តំបន់។

តំណាងមកពីប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ក៏បានចូលរួមក្នុងសម័យប្រជុំផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសសមាជិកណាតូជាច្រើន បាននិងកំពុងស្វែងរកការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមការសន្មត់ថាស្ថានភាពសន្តិសុខនៅក្នុងតំបន់ទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមក។

លោក Hayashi បានបន្ដថា លោកមានឆន្ទៈដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីពង្រឹង និងរក្សាសណ្តាប់ធ្នាប់សកល ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ដោយប្រទេសជប៉ុន បានធ្វើជាប្រធាននៅឆ្នាំនេះ នៃក្រុមប្រទេសឧស្សាហកម្មទាំង៧។

សមាជិក G-7 របស់អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលចិន បានបដិសេធមិនធ្វើដូច្នេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top