នុនច័ន្ទបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសថៃឡង់ដ៏ បានបញ្ជាក់កាលពីថ្ងៃពុធថា កូនស្រីរបស់មហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខភាពមួយរូបគត់របស់បក្ស ដើម្បីធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសថៃឡង់ដ៏ ។
លោកស្រី Paetongtarn Shinawatra វ័យ៣៦ឆ្នាំដែលមានរបៀបរស់នៅបែបសាមញ្ញ និងមានអ្នកតាមដាន “ Follow Instagram” កន្លះលាននាក់ ឈរផ្ទុយស្រឡះពីគូប្រជែងរបស់លោកស្រី គឺនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់ឧចា និងឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សស៊ូវ៉ាន ។
អ្នកគាំទ្រគណបក្សភឿថៃ ពាក់អាវយឺតពណ៌ក្រហម ដែលមានហត្ថលេខារបស់គណបក្ស បានដើរចូលទៅក្នុងកីឡដ្ឋានបាល់ទាត់មួយនៅប៉ែកខាងជើងនៃទីក្រុងបាងកក ដើម្បីទស្សនាលោកស្រី Paetongtarn ដែលអមដំណើរជាមួយពាណិជ្ជករ Srettha Thavisin និងអ្នកយុទ្ធសាស្រ្តគណបក្ស Chaikasem Nitisiri ។
លោកស្រី Paetongtarn ដែលបានធ្វើយុទ្ធនាការយ៉ាងស្វាហាប់ បើទោះបីមានផ្ទៃពោះ៨ខែក្តី បានថ្លែងថា លោកស្រីរីករាយនឹងការប្រកួតប្រជែងនេះ ។
លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានថា “វានឹងក្លាយជាបញ្ហាប្រឈម ប៉ុន្តែយើងនឹងធ្វើការទំនាក់ទំនងការងារតាមដែលអាចធ្វើទៅបាន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា