ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ឲ្យអាជ្ញាធរ បង្កើនការបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃឈើ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអាជ្ញាធរបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឲ្យន់តែមានប្រសិទ្ធភាព រាល់បទល្មើសពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ ការគេចវេះពន្ធឆ្លងដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុក ដាក់ខ្ពស់ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបឲ្យកាន់តែមានប្រសិទ្ធភាពរាល់បទល្មើសពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ ការគេចវេះពន្ធឆ្លងដែន ការរត់ពន្ធ គ្រឿងញៀន និងការជួញដូរនិងរត់ពន្ធមនុស្សជាដើម»។

សម្តេចក៏បានអំពាវនាវដល់ប្រជាជនចូលរួមទប់ស្កាត់និងកាត់បន្ថយអត្រាស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឲ្យនៅកម្រិតទាបបំផុត។ ក្រសួងស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាបខ្លឹមសារអប់រំពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ឲ្យបាន ទូលំទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុង គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

To Top