បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងមូស្គូ លោក Zhang Hanhui បាននិយាយថា ប្រទេសលោកខាងលិចមិនមានសិទ្ធិផ្តល់ការណែនាំ ដល់ប្រទេសចិនទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងជំហររបស់ខ្លួនលើជម្លោះអ៊ុយក្រែននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zhang ត្រូវបានគេសួរក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី Izvestia កាលពីថ្ងៃសុក្រ អំពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលកំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង ចំពេលមានការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានអះអាងថា ចិនកំពុងគាំទ្រក្រុងម៉ូស្គូ ។
លោកបានឆ្លើយតបវិញថា “វាមិនមែនជាភាគីចិនទេដែលបង្កើតវិបត្តិអ៊ុយក្រែន។ ចិនមិនបានចូលរួម ហើយក៏មិនបានផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះនោះដែរ។ លោកខាងលិចគ្មានតួនាទីអ្វីក្នុងការផ្តល់ការណែនាំដល់ប្រទេសចិននោះទេ ហើយលើសពីនេះទៅទៀត លោកខាងលិចក៏មិនមានសិទ្ធិអំណាចក្នុងការបញ្ជូនការទទួលខុសត្រូវលើខ្លួននោះដែរ»។
យោងតាមឯកអគ្គរដ្ឋទូត, ទីក្រុងប៉េកាំង “មិនមានផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងបញ្ហាអ៊ុយក្រែនទេ… ហើយខ្លួនក៏មិនបន្ថែមប្រេងលើភ្លើង ដោយមិនចាប់យកពេលវេលាដើម្បីផលប្រយោជន៍ពីវិបត្តិ” នេះទេ ។
លោកបានចង្អុលបង្ហាញថា ផ្ទុយទៅវិញ អាជ្ញាធរចិនបានធ្វើការអំពាវនាវយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយនយោបាយចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅអ៊ុយក្រែនជាងមួយឆ្នាំមុន។ លោក Zhang បាននិយាយថា “យើងនឹងបន្តឈរនៅខាងសន្តិភាព ការសន្ទនា និងយុត្តិធម៌ជាប្រវត្តិសាស្ត្រ” ៕
ប្រែសម្រួលៈ ណៃ តុលា