តូក្យូ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទូកជួយសង្គ្រោះ និងបំណែកផ្សេងទៀតដែលគេជឿថា បានមកពីឧទ្ធម្ភាគចក្ររបស់កងទ័ពជប៉ុន ត្រូវបានគេរកឃើញ បន្ទាប់ពីឧទ្ធម្ភាសចក្រ Black Hawk ដែលផ្ទុកសមាជិកនាវិក១០នាក់ត្រូវបានគេសន្មត់ថា បានធ្លាក់នៅសមុទ្រមួយថ្ងៃមុននេះ ។
លោក Yasukazu Hamada រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលព្យាយាមទប់ទឹកភ្នែកមិនបាន បានប្រាប់ដល់អ្នកយកព័ត៌មានថា គ្មានសមាជិកនាវិកដែលបាត់ខ្លួនណាមួយត្រូវបានរកឃើញនោះទេ ខណៈដែលការស្វែងរកនៅតែបន្តនៅថ្ងៃសុក្រនេះ ។
គាត់បានថ្លែងថា គាត់បានគិតដល់គ្រោះថ្នាក់នេះខ្លាំងណាស់ ។ លោក Hamada បានថ្លែងទៀតថា “យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការជួយសង្គ្រោះមនុស្ស១០នាក់ដែលនៅតែបាត់ខ្លួន ខណៈដែលកំពុងបន្តប្រមូលព័ត៌មានទាក់ទងនឹងទំហំនៃការខូចខាត” ។
កងដឹកជញ្ជូនកងទ័ព UH-60JA ដែលត្រូវបានគេស្គាល់ជាទូទៅថា Black Hawk បានបាត់ខ្លួនកាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍នៅកោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ។ នេះបើយោងតាមប្រធានកងកម្លាំងស្វ័យការពារដីលោក Yasunori Morishita បានបញ្ជាក់ឲ្យដឹង ។
យន្តហោះនេះបានបាត់ចេញពីរ៉ាដាត្រឹមតែ១០នាទីបន្ទាប់ពីការចាកចេញពីមូលដ្ឋាន GSDF នៅលើកោះ Miyako ហើយត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងទឹករវាងកោះ Miyako និងកោះ Irabu ក្បែរនោះនៅភាគពាយព្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា