ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារផ្ទៃក្នុង របស់សហភាពអឺរ៉ុប មុនពេលសមាជិកភាព ពេញលេញ

គៀវ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច Yulia Svyrydenko បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុប មុនពេលទទួលបានសមាជិក ភាពពេញលេញ ។

លោក Svyrydenko ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារ ព័ត៌មាន របស់រដ្ឋាភិបាលលោកថា “គោលដៅរបស់យើង គឺធ្វើសមាហរណកម្មទៅក្នុង ទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ដោយមិនរង់ចាំការចូលជាសមាជិក សហភាពអឺរ៉ុប” ។

មន្ត្រីរូបនេះបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃនោះ រដ្ឋាភិបាលរបស់លោក បានអនុម័តឯកសារដែលនឹងត្រួសត្រាយផ្លូវ សម្រាប់អ៊ុយក្រែន ក្នុងការចូលរួមជាមួយ EU mobile roaming space។

លោក Svyrydenko បានបន្ថែមថា នៅពេលអនាគត អ៊ុយក្រែននឹងចាប់ផ្តើមធ្វើការលើការធ្វើសមាហរណកម្មទៅក្នុងទីផ្សារផ្ទៃក្នុងក្នុងគ្រប់វិស័យពាក់ព័ន្ធ ចាប់ពីគយ និងថាមពល រហូតដល់សុវត្ថិភាពចំណីអាហារ។

លោក Svyrydenko បានបន្ដថា ផែនការសកម្មភាពអាទិភាព ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប រួមមានវិធានការចំនួន ២៩។

នៅខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែន ជាបេក្ខជនសម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា កាលពីខែមករា នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បានបន្ថែមថា អ៊ុយក្រែនមានបំណង ក្លាយជាសមាជិកសហភាពអឺរ៉ុប ក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top