ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា កិច្ចចរចាសន្តិភាព អ៊ុយក្រែន ត្រូវតែមានផលប្រយោជន៍ និងការព្រួយបារម្ភរបស់រុស្ស៊ី

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រាល់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ត្រូវតែផ្តោតលើការបង្កើត “សណ្តាប់ធ្នាប់ពិភពលោកថ្មី និងគិតគូរពី ផលប្រយោជន៍រុស្ស៊ី និង ការព្រួយបារម្ភរបស់រុស្ស៊ី”។

រុស្ស៊ីបានឲ្យដឹងជាយូរមកហើយថា ខ្លួនកំពុងដឹកនាំការតស៊ូប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោក ហើយអះអាងថាការវាយលុករបស់អ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រយុទ្ធនោះ។

កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការបន្តការវាយលុករបស់ខ្លួនលើសពីមួយឆ្នាំនៅអ៊ុយក្រែន ដោយមើលឃើញថា គ្មានដំណោះស្រាយការទូត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lavrov បានឲ្យដឹងកាលពីថ្ងៃសុក្រ បន្ទាប់ពីជួបជាមួយសមភាគីតួកគីលោក Mevlut Cavusoglu នៅទីក្រុងអង់ការ៉ាថា “ការចរចាណាមួយត្រូវតែផ្អែកលើការគិតគូរពីផលប្រយោជន៍ និង ការព្រួយបារម្ភរបស់រុស្ស៊ី” ។

លោកបានបន្ដថា “វាគួរតែនិយាយអំពីគោលការណ៍ ដែលសណ្តាប់ធ្នាប់ពិភពលោកថ្មីនឹងផ្អែកលើ ដោយបន្ថែមថា ប្រទេសរុស្ស៊ីបដិសេធសណ្តាប់ធ្នាប់ពិភពលោកតែមួយដែលដឹកនាំដោយអនុត្តរភាពតែមួយ” ។

លោក Cavusoglu ដែលប្រទេសរបស់លោក ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីឆ្នាំមុន បានអំពាវនាវឱ្យមានការចរចាឡើងវិញ ហើយបានសម្តែងនូវការព្រួយបារម្ភថា សង្រ្គាមនឹងកើនឡើងនៅនិទាឃរដូវ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top