ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង ​ធ្វើ​ការ​សាកល្បង​យន្តហោះ​ដ្រូន ​នុយក្លេអ៊ែរ​ក្រោម​ទឹក​ ដែលអាចបង្កើតជារលកយក្ស កំទេចកប៉ាល់ និងកំពង់ផែរបស់សត្រូវ

តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានសាកល្បងយន្តហោះដ្រូន វាយប្រហារមិនស្គាល់ប្រភេទ ច្បាស់លាស់នៅក្រោមទឹក ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតរលកយក្សស៊ូណាមិ គោលបំណងបំផ្លាញកប៉ាល់ និងកំពង់ផែរបស់សត្រូវ ជាមួយនឹងតំបន់គោលដៅ ដែលស្ថិតនៅឆ្ងាយជាងការសាកល្បងលើកមុន បានសម្រេច ដោយជោគជ័យ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា យន្តហោះដ្រូន Haeil-2 បានធ្វើដំណើរលើផ្លូវរាងអេលីប ដែលមានរាងប្រាំបីលាតសន្ធឹងចម្ងាយ ១០០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើងអស់រយៈពេលជាង ៧១ ម៉ោងក្នុងអំឡុងពេលធ្វើតេស្តចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ។

រយៈចម្ងាយដែលគេអះអាងថា យន្តហោះដ្រូន នឹងដាក់តំបន់ឆ្នេររបស់ជប៉ុន នៅលើសមុទ្រជប៉ុនក្នុងចម្ងាយឆ្ងាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌​មានក្យូដូជប៉ុន។

នៅក្នុងការសាកល្បងលើកមុន កាលពីចុងខែមីនា យន្តហោះគ្មានមនុស្សបើក Haeil-1 បានធ្វើដំណើរបានចម្ងាយ ៦០០គីឡូម៉ែត្រ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង។

ប្រភពពី KCNA រាយការណ៍ថា នៅក្នុងការសាកល្បងចុងក្រោយនេះ ក្បាលគ្រាប់នៅលើយន្តហោះគ្មានមនុស្សបើកបានបំផ្ទុះនៅក្នុងដែនទឹកគោលដៅ ចេញពីកំពង់ផែមួយក្នុងខេត្ត South Hamgyong ។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា “ការធ្វើតេស្តនេះបានបង្ហាញយ៉ាងល្អឥតខ្ចោះនូវភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹក និងសមត្ថភាពវាយប្រហារដ៏សាហាវរបស់វា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top