គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពី វិធីដើម្បីការពារការបែកធ្លាយព័ត៌មានយោធាកាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិត អំពីកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដើម្បីជួយប្រទេសនេះ រៀបចំផែនការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
កាសែត The New York Times បានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថា ឯកសារសង្គ្រាមដែលបានចាត់ថ្នាក់ត្រូវបានបង្ហោះក្នុងសប្តាហ៍នេះ នៅលើបណ្តាញសង្គម Twitter និង Telegram ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសរុស្ស៊ី ។
មន្ត្រីអាមេរិក៣នាក់បានប្រាប់ឲ្យដឹង នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា រុស្ស៊ី ឬធាតុដែលគាំទ្ររុស្ស៊ីទំនងជានៅពីក្រោយការលេចធ្លាយ ដែលផ្តល់នូវរូបថតមួយផ្នែកនៃសង្រ្គាមនៅអ៊ុយក្រែន ។
កាសែត New York Times បានរាយការណ៍ថា ក្រោយមកនៅថ្ងៃសុក្រ ឯកសារដែលបានចាត់ថ្នាក់បន្ថែមមួយ ដែលបង្ហាញលម្អិតអំពីអាថ៌កំបាំងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងតំបន់នានា រួមទាំងអ៊ុយក្រែន មជ្ឈិមបូព៌ា និងប្រទេសចិន បានលេចឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា