ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu បានធ្វើការហោះហើរដោយផ្ទាល់ ជាមួយនឹងយន្តហោះចម្បាំងមួយគ្រឿងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
ការហោះហើរដោយផ្ទាល់ របស់លោកស្រីប្រធានាធិបតីឥណ្ឌាលើកនេះបានធ្វើឲ្យវាក្លាយ ទៅជាព្រឹត្តិការណ៍នៃការហោះហើរដោយផ្ទាល់លើយន្តហោះចម្បាំង របស់ប្រធានាធិបតីឥណ្ឌាទី៣និងក៏ជាប្រធានាធីបតីស្ត្រីទី២ផងដែរ ដែលបានធ្វើបែបនេះ។
យន្តហោះចម្បាំង Su-30 MKI បានធ្វើការហោះហើរឡើងនៅឯមូលដ្ឋានទ័ពអាកាស Tezpur នៅរដ្ឋ Assam ហើយលោកស្រីប្រធានាធិបតីបានស្ថិត នៅលើយន្តហោះនេះនិងបន្តធ្វើការហោះហើរប្រមាណជា៣០នាទី មុនពេលត្រឡប់មកដីវិញព្រមជាមួយនឹងការហោះហើរ ក្នុងល្បឿនដល់ទៅ៨០០គីឡូម៉ែត្រក្នុងមួយម៉ោងនិងកំពស់ប្រមាណ ជា២០០០ម៉ែត្រពីដីផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកតាមដាន និងចូលរួមពិធីនោះលោកស្រីប្រធានាធិបតីបានថ្លែងថា៖ ខ្ញុំពិតជាចូលរួមអបអរសាទរជាមួយនឹងកងកម្លាំងទ័ពអាកាសរបស់ឥណ្ឌា បំផុតជាពិសេសកងកម្លាំងដែលស្ថិតនៅមូលដ្ឋានទ័ព Tezpur ចំពោះការរៀបចំការហោះហើរដ៏អស្ចារ្យនេះឡើង៕
ប្រែសម្រួល៖ស៊ុនលី