ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង រិះគន់ប្រតិកម្មដែលមិនអាចគ្រប់គ្រងខ្លួនឯង បានរបស់លោកខាងលិច ជុំវិញផែនការនុយក្លេអ៊ែរ របស់រុស្ស៊ី

បរទេស៖ បណ្តាប្រទេសលោកខាងលិច កំពុងបង្កើនប្រតិកម្មដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ជុំវិញផែនការរបស់រុស្ស៊ីក្នុងការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស, នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Russia 1 TV លោក Peskov បានរិះគន់អ្វីដែលលោកហៅថា ប្រតិកម្ម “មិនអត់ធ្មត់ជាខ្លាំង” របស់បស្ចិមលោក ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន ក្នុងការពង្រាយនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្សនៅរដូវក្តៅនេះ ដែលធ្វើតាមសំណើម្តងហើយម្តងទៀតពីសមភាគីបេឡារុស្ស គឺប្រធានាធិបតី Alexander Lukashenko ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា “សមូហភាពលោកខាងលិចមិនមានទំនោរ ក្នុងការរំលឹកឡើងវិញ ដែលថាអាវុធនុយក្លេអ៊ែររបស់អាមេរិក ត្រូវបានដាក់នៅទីនេះ ក្នុងទ្វីបអឺរ៉ុប ជុំវិញប្រទេសរបស់យើង”។ លោកក៏បានអះអាងផងដែរថា លោកខាងលិច “ងាយនឹងមានប្រតិកម្មបែបរំជួលចិត្ត” ទាក់ទងនឹងផែនការរបស់ទីក្រុងមូស្គូ ក្នុងការសាងសង់កន្លែងផ្ទុកនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ស ដែលត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី។

ការសម្រេចចិត្តនេះត្រូវបានប្រកាស ដោយលោកពូទីន កាលពីចុងខែមីនា ដែលបាននិយាយនៅពេលនោះថា ផែនការនេះត្រូវបានជំរុញដោយការសម្រេចចិត្ត របស់ចក្រភពអង់គ្លេសក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវលោហៈ គ្រាប់បែកអ៊ុយរ៉ានីញ៉ូម។ លោកក៏បានសន្យាថា រុស្ស៊ីនឹងនៅតែគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយកត់សម្គាល់ថា សកម្មភាពរបស់ទីក្រុងមូស្គូមិនខុសគ្នាច្រើនពីអ្វីដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top