ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកមួយរូបថា អាមេរិកត្រៀមរួចហើយ ដើម្បីធ្វើសង្រ្គាមជាមួយចិន

បរទេស៖ ប្រធានគណៈកម្មាធិការ កិច្ចការបរទេស នៃសភាអាមេរិក លោក Michael McCaul បានប្រាប់សារព័ត៌មាន Fox News កាលពីល្ងាចថ្ងៃសុក្រថា សភាអាមេរិកនឹងអនុញ្ញាតឱ្យ មានការប្រឈមមុខផ្នែកយោធា ដោយផ្ទាល់ជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង បើកការវាយប្រហារប្រឆាំងនឹង កោះតៃវ៉ាន់។ អ្នកតំណាងរដ្ឋតិចសាស់ មកពីរដ្ឋតិចសាស់ គឺកំពុងនិយាយពីទីក្រុងតៃប៉ិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គណៈប្រតិភូទ្វេភាគីរយៈពេលបីថ្ងៃ ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង មួយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក McCaul ដោយមិនបានបញ្ជាក់លម្អិតអំពីរបៀបដែលការគាំទ្របែបនេះនឹងត្រូវបានវាស់វែងថា សមាជិកសភាអាមេរិកនឹងយល់ព្រមដាក់ការប្រយុទ្ធ ប្រសិនបើប្រជាជននៅសហរដ្ឋអាមេរិកគាំទ្រវិធានការនេះ ។ លោកថា “ប្រសិនបើចិនកុម្មុយនិស្តឈ្លានពានកោះតៃវ៉ាន់ គម្រោងនេះពិតជានៅលើតុរបស់សភា និងអ្វីមួយដែលនឹងត្រូវបានពិភាក្សាដោយសភា និងជាមួយប្រជាជនអាមេរិក” ដោយលោកបានបន្ថែមថា “ប្រសិនបើប្រជាជនអាមេរិកគាំទ្ររឿងនេះ សភានឹងធ្វើតាម”។

ទោះជាយ៉ាងណាក៏ដោយ លោក McCaul បានទទូចថា “ជម្លោះតែងតែជាជម្រើសចុងក្រោយ” ហើយបានពិពណ៌នាអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហរដ្ឋអាមេរិកថាជាមធ្យោបាយមួយដើម្បី “ផ្តល់ការរារាំងដល់ប្រទេសចិន” ។

សូមជម្រាបថា ទំនាក់ទំនងរវាងអាមេរិក និងចិន ពីមុនមានភាពតានតឹង ដោយសារដំណើរទស្សនកិច្ច របស់គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់ បាននៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top