ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការបង្កើនកិច្ចសហប្រតិបត្តិការ រវាងចិននិងបារាំង មានអនាគតដ៏ទូលំទូលាយ

កាលពីថ្ងៃទី ៧ ខែមេសា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបង្ហោះសារជាភាសាចិន អង់គ្លេសនិងបារាំង តាមរយៈបណ្តាញទំនាក់ទំនង សង្គមក្នុងន័យចែករំលែកនូវដំណើរទស្សនកិច្ច នៅប្រទេសចិនរបស់លោក ដែលទើបបានបញ្ចប់ ។ នាថ្ងៃដដែលនោះ កាសែត«Financial Times»របស់អង់គ្លេសបានដកស្រង់ ការលើកឡើងរបស់អ្នកវិភាគដោយអះអាងថា “បើមើលពីរយៈពេលជាយូរ មិនថាការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ប្រទេសចិនឬក៏ជំរុញការដោះស្រាយ វិបត្តិអ៊ុយក្រែនក៏ដោយ ក៏ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះវាសុទ្ធតែមានសារៈសំខាន់ជាវិជ្ជមាន” ។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ច នៅប្រទេសចិនលើកទី ៣ របស់លោក Emmanuel Macron ចាប់តាំងពីលោកបានឡើងកាន់ មុខតំណែងជាប្រធានាធិបតីបារាំងមក ។ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយគុណភាពខ្ពស់ ជាមួយលោកនៅទីក្រុងប៉េកាំង និងក្រុងក្វាងចូវដែលបានបង្ហាញ ទិសដៅយ៉ាងច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងអន្តរជាតិរវាងចិន និងបារាំងនៅពេលខាងមុខ ។ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារគ្រប ដណ្តប់លើវិស័យគ្រប់ផ្នែក ដូចជា ការបង្កើនកិច្ចសន្ទនាផ្នែកនយោបាយ ការរួមគ្នាជំរុញសន្តិសុខនិងស្ថិរភាពពិភពលោក ការជំរុញការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច ការចាប់ដំណើរការឡើងវិញនូវ ការផ្លាស់ប្តូរលើវិស័យវប្បធម៌មនុស្សជាតិ ក៏ដូចជាការរួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមជាសកលជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងបារាំងទទួលបានសមិទ្ធផលថ្មីៗ ។

នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ ចិននិងបារាំងសុទ្ធតែកំពុងប្រឈម នឹងការសាកល្បងនៃឯកតោភាគីនិយម និងការពារនិយាម ក៏ដូចជាមានភារកិច្ចដូចគ្នាលើ វិស័យការអភិវឌ្ឍសេដ្ឋកិច្ច និងធានាជីវភាពរស់នៅរបស់ប្រជាជន ហើយភាគីទាំងពីរក៏មាន ការយល់ឃើញប្រហាក់ប្រហែលគ្នាជាច្រើន អំពីបញ្ហាជាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ ដូចជា ការដោះស្រាយវិបត្តិអ៊ុយក្រែន និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម ។ ដូច្នេះ ភាគីទាំងពីររក្សាស្ថិរភាពនៃ ទំនាក់ទំនងទ្វេភាគី និងប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើន ប្រការនេះមិនត្រឹមតែមានអំណោយផល ដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍនៃ ទំនាក់ទំនងរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ ។

បើមើលពីសមិទ្ធផលនៃ កិច្ចសន្ទនារវាងប្រមុខរដ្ឋចិន និងបារាំងអាចឃើញថា ការចាប់ដំណើរការឡើងវិញនូវយន្តការ សន្ទនាជាចំណុចលេចធ្លោមួយ ។ ប្រការនេះនឹងមានអំណោយផល ដល់ភាគីទាំងពីរក្នុងការអនុវត្តឱ្យបានល្អ នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ហើយប្រែគំនិតឱ្យក្លាយទៅជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ។ ប្រទេសបារាំងបានរំលឹកឡើងវិញ នូវការប្រកាន់ខ្ជាប់គោលនយោបាយ ប្រទេសចិនតែមួយ ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ ផ្នែកនយោបាយចំពោះ គ្នារវាងភាគីទាំងពីរ ។

ការធ្វើឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាសមិទ្ធផល ដ៏សំខាន់មួយទៀតនៃដំណើរទស្សនកិច្ច នៅប្រទេសចិនរបស់លោក Emmanuel Macron លើកនេះ ។ ប្រទេសចិនបាននិងកំពុង ជំរុញដោយគ្រប់ជ្រុងជ្រោយនូវ ការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការនេះនឹងផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសនានានៅលើពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសបារាំងផងដែរ ។

បច្ចុប្បន្ននេះ ក្នុងទំនាក់ទំនងជាមួយ បរទេសរបស់បារាំងនិងអឺរ៉ុប វិបត្តិអ៊ុយក្រែនគឺជាបញ្ហាស្នូល ហើយរំពឹងទុកជំរុញដំណោះស្រាយ វិបត្តិតាមវិធីនយោបាយក្នុងពេលឆាប់ៗ ។ ចិនមិនមែនជាប្រទេសសាមីនៃវិបត្តិអ៊ុយក្រែនទេ ប៉ុន្តែចិនបានជំរុញការផ្សះផ្សា និងការចរចាសន្តិភាព យ៉ាងសកម្មជាប់រហូតមក ។ ខណៈពេលនេះ ប្រឈមមុខនឹងការយកចិត្ត ទុកដាក់របស់បារាំងនិងអឺរ៉ុប ចិនបានលើកឡើងពីវិធានការជាក់លាក់ ៥ ចំណុច ក្នុងនោះបូករួមទាំងការគាំទ្រភាគីអឺរ៉ុប ដើរតួនាទីក្នុងការដោះស្រាយវិបត្តិតាមវិធីនយោបាយ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់មនុស្សធម៌ អន្តរជាតិនិងចាប់ដំណើរការឡើងវិញ នូវការចរចាសន្តិភាពក្នុងពេលឆាប់ៗជាដើម ។ លោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានសម្តែងថា “រីករាយធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយសម្រាប់ ជំរុញការផ្សះផ្សានិងការចរចាសន្តិភាព” ។

ជឿជាក់ថា ក្រោមការណែនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងបារាំង នឹងឡើងដល់កម្រិតថ្មីថែមទៀត ក៏ដូចជានាំមកនូវទិដ្ឋភាពថ្មីក្នុងការអភិវឌ្ឍ នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបផងដែរ ៕

To Top