ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលជោគជ័យលើការសាកល្បង យន្ដហោះដ្រូនធុន kamikaze ដែលបំពាក់ក្បាលគ្រាប់ទម្ងន់ ៥០គីឡូក្រាម

" "

តេអេរ៉ង់ ៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានសាកល្បងដោយជោគជ័យនូវយន្តហោះដ្រូនធុន kamikaze រយៈចម្ងាយឆ្ងាយ និងមានភាព ជាក់លាក់ខ្ពស់ ដែលបំពាក់ដោយក្បាលគ្រាប់ ៥០ គីឡូក្រាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Ali Kouhestani ប្រធានអង្គការស្រាវជ្រាវ និងស្វ័យភាពជីហាត នៃកងកម្លាំង មូលដ្ឋានរបស់ IRGC បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ ដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យ។

" "

លោក Kouhestani បានលើកឡើងថា យន្ដហោះដ្រូនធុន (UAV) ដែលមានឈ្មោះថា “Meraj-532” មានរយៈចម្ងាយ ៤៥០ គីឡូម៉ែត្រ និងអាចហោះហើរក្នុងរយៈកម្ពស់អតិបរមា ១២០០០ ហ្វីតក្នុងរយៈពេល ៣ម៉ោងជាប់គ្នា ដោយកត់សម្គាល់ថា ដ្រូនអាចវាយប្រហារគោលដៅដោយ កំណត់ភាពត្រឹមត្រូវ។

" "

លោកបានបន្ដថា UAV មានក្បាលគ្រាប់ទម្ងន់ ៥០ គីឡូក្រាម ហើយអាចប្រមូលផ្តុំ និងរៀបចំ សម្រាប់ការហោះហើរបានយ៉ាងងាយស្រួល ដែលធ្វើឱ្យវាស័ក្តិសម សម្រាប់ប្រតិបត្តិការប្រតិកម្មរហ័ស។

អ៊ីរ៉ង់ ​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​វិស័យ​ផលិត UAVs ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ បច្ចុប្បន្ន ប្រទេសនេះ កំពុងផលិតយន្តហោះដ្រូន ដែលមានសមត្ថភាពអាចបំពេញ បេសកកម្មបានយ៉ាងទូលំទូលាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top