ព័ត៌មានអន្តរជាតិ

ការលេចធ្លាយហានិភ័យ នៃប្រព័ន្ធហិរញ្ញវត្ថុអាមេរិក នាំឱ្យមានភាពចលាចល ផ្នែកធនាគារនៅអឺរ៉ុប

" "

ហិង្ហបុរី៖ កង្វះគោលនយោបាយហិរញ្ញវត្ថុឯករាជ្យ និងការត្រួតពិនិត្យបានធ្វើឱ្យឧស្សាហកម្មធនាគារអឺរ៉ុប ស្ថិតក្នុងភាព ចលាចល ដោយសារ ហានិភ័យ ដែលហៀរចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក នេះបើតាមអ្នកសេដ្ឋកិច្ច សិង្ហបុរី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះ។

លោក Yan Li សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេស សិង្ហបុរីបានឲ្យដឹងថា វិបត្តិដែលបានកើតឡើងចំពោះធនាគារ Credit Suisse និង Deutsche Bank បានឆ្លុះបញ្ចាំងពីភាព ផុយស្រួយរបស់ធនាគារអឺរ៉ុបមួយចំនួន។

" "

លោក Yan បានកត់សម្គាល់ថា “ហានិភ័យហិរញ្ញវត្ថុប្រព័ន្ធត្រួតស៊ីគ្នា និងការខ្វះការជឿទុកចិត្តរួមគ្នាបាន ជំរុញឱ្យមាន វិបត្តិធនាគារនៅអឺរ៉ុប” ដោយបន្ថែមថា ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យឧស្សាហកម្មធនាគារ និងសេដ្ឋកិច្ចអឺរ៉ុប ប្រឈមមុខនឹងការលំបាកនាពេលអនាគត។

" "

សេដ្ឋវិទូរូបនេះបានបន្ដថា “សហរដ្ឋអាមេរិក អាចបន្ថយការដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងមិនបញ្ឈប់ឡើយ ដូច្នេះហើយ ឧស្សាហកម្មធនាគារអឺរ៉ុប នឹងប្រឈមមុខនឹងហានិភ័យជាប្រព័ន្ធ ដែលកំពុងកើនឡើង”។

ទោះជាយ៉ាងណាក៏ដោយ លោក Yan បានលើកឡើង វិបត្តិធនាគារបច្ចុប្បន្ននៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋ អាមេរិក ទំនងជាមិនធ្លាក់ចុះទៅជាវិបត្តិហិរញ្ញវត្ថុពិភពលោកមួយផ្សេងទៀត ដែលស្រដៀងនឹង អ្វីដែលបាន កើតឡើង ក្នុងឆ្នាំ២០០៨ នោះទេ។

លោកបានបន្ថែមថា “ការដួលរលំនៃឧស្សាហកម្មធនាគារ និងសូម្បីតែប្រព័ន្ធហិរញ្ញវត្ថុនៅអឺរ៉ុប និងសហរដ្ឋអាមេរិក គឺ មិនអាចទ្រាំទ្របាន ដូច្នេះរដ្ឋាភិបាលពាក់ព័ន្ធនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ឈប់វិបត្តិមិនឱ្យរីករាលដាល” ។

នៅទ្វីបអឺរ៉ុប ធនាគារ Credit Suisse ដែលជាធនាគារធំទីពីរនៅប្រទេសស្វីស ត្រូវបានកាន់កាប់ដោយធនាគារយក្សស្វីស UBS ដោយសារវិបត្តិសាច់ប្រាក់ងាយស្រួល និងការប្រែប្រួលទីផ្សារ។

នៅក្នុងខែមីនាផងដែរ តម្លៃភាគហ៊ុនរបស់ធនាគារ Deutsche Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់ប្រទេស អាល្លឺម៉ង់ បានធ្លាក់ចុះចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាពរបស់ធនាគារអឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top