ថ្ងៃទី១០ ខែមេសា ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៣ បានសម្ពោធបើកនៅក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិន ។ បើប្រៀបធៀបនឹងពិព័រណ៍ពីរលើកនៅកាលពីមុន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិឆ្នាំនេះ បានកើនចំនួនយ៉ាងខ្លាំងទាំងផ្ទៃដាក់តាំងបង្ហាញនិងម៉ាកទំនិញដែលចូលរួមការតាំងពិព័រណ៍ ក្រៅពីនេះ សហគ្រាសនិងសមាគមន៍មុខរបរនានានៃខេត្តហៃណានក៏បានចូលរួមការតាំងពិព័រណ៍លើកនេះយ៉ាងសកម្ម ក្នុងន័យធ្វើការតភ្ជាប់និងការផ្លាស់ប្តូរជាមួយសហគ្រាសទាំងជាតិនិងអន្តរជាតិតាមរយៈវេទិកាពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ។
សូមបញ្ជាក់ថា ធុរកិច្ចអេឡិចត្រូនិចឆ្លងដែន ជាមុខរបរថ្មីដែលខេត្តហៃណាននឹងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់មុខរបរនេះ ឧទ្យានឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិចឆ្លងដែនក្រុងសានយ៉ា ដែលចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិជាលើកដំបូង បានធ្វើការតាំងបង្ហាញទំនិញប្រើប្រាស់ជាង១០ប្រភេទ ដូចជាកសិផលនិងវត្ថុសិប្បកម្មជាដើម ។
តាមការប៉ាន់ប្រមាណ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិឆ្នាំនេះនឹងទទួលទស្សនិកជនចំនួនលើសពី៣សែននាក់ ស្ថាប័នធុរកិច្ចក៏នឹងរៀបចំផ្សារទំនិញខ្នាតធំនិងផ្សារទំនិញរួចពន្ធជាដើម ក្នុងន័យធ្វើសកម្មភាពលក់បញ្ចុះតម្លៃពិសេសរបស់ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ ដើម្បីបំផុសសក្តានុពលប្រើប្រាស់ថែមមួយកម្រិតទៀត ៕