ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្លាស់ប្តូរផែនការយោធាមួយចំនួន បន្ទាប់ពី ការលេចធ្លាយឯកសារស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់ប្រភពនានាថា បញ្ជាការយោធាអ៊ុយក្រែនបានធ្វើវិសោធនកម្មផែនការយោធាមួយចំនួន ដោយសារតែការលេចធ្លាយឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានចាត់ថ្នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់សារព័ត៌មានថា រដ្ឋាភិបាលទីក្រុងគៀវ បានផ្លាស់ប្តូរផែនការយោធាមួយចំនួនរបស់ខ្លួនរួចហើយ ដោយសារតែការលេចធ្លាយឯកសារនេះ។

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីអ្វីដែលត្រូវបានផ្លាស់ប្តូរក៏ដោយ ក៏វាបានកត់សម្គាល់ថា នៅចុងខែកុម្ភៈ លោក Zelensky បានស្នើឱ្យមានការវាយប្រហារពីដែនអាកាសទៅលើចំណុចពង្រាយរុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួននៅក្នុងតំបន់ Rostov ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ព្រោះអ៊ុយក្រែនមិនមានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចទៅដល់គោលដៅទាំងនេះ នោះទេ។ នេះបើតាមរបាយការណ៍លេចធ្លាយរបស់មន្ទីរបញ្ចកោណ។

ប្រភពក៏បានប្រាប់សារព័ត៌មានថា មន្ត្រីអ៊ុយក្រែនមិនភ្ញាក់ផ្អើលនឹងការពិតដែលអាមេរិកកំពុងធ្វើចារកម្មលើពួកគេនោះទេ ប៉ុន្តែពួកគេពិតជាព្រួយបារម្ភចំពោះការលេចធ្លាយនេះណាស់។

សូមជម្រាបថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហានេះថា ឯកសារចាត់ថ្នាក់ថ្មីមួយបានលេចធ្លាយតាមអ៊ីនធឺណិត ដែលរួមមានឯកសារយោធាអាមេរិកទាក់ទងនឹងអ៊ុយក្រែន ចិន និងមជ្ឈិមបូព៌ា។ ខ្លឹមសារមួយចំនួនបានលាតត្រដាងពីភាពទន់ខ្សោយរបស់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន និងស្តុកគ្រាប់រំសេវតិច៕ប្រែសម្រួលៈ ណៃ តុលា

To Top