បរទេស៖ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា គឺបានណែនាំយោធារបស់ខ្លួនឱ្យហោះហើរយន្តហោះស៊ើបការណ៍ ឱ្យឆ្ងាយពីតំបន់គ្រីមៀ ប្រទេសរុស្ស៊ី ។ របាយការណ៍នេះកើតឡើងបន្ទាប់ពីឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកដែលត្រូវបានចាត់ថ្នាក់លើជម្លោះអ៊ុយក្រែនត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមកាសែត គឺ ឯកសារមួយគូសផែនទីតំបន់ដែលយន្តហោះស៊ើបការណ៍អាមេរិកអាចហោះហើរបាន។ វាត្រូវបានគេរាយការណ៍ថា កំណត់ព្រំដែនប្រហែល ១២ ម៉ាយល៍ (១៩,៣ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រគ្រីមៀ វិសាលភាពនៃដែនទឹករបស់រុស្ស៊ី និងខ្សែទីពីរប្រហែល ៨០,៤ គីឡូម៉ែត្រ ពីច្រាំងដែលត្រូវបានសម្គាល់ថា ‘SECDEF Direct Standoff’ ។ កាសែត Washington Post បានសរសេរថា ផែនទីបង្ហាញថា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin «ប្រហែលជាបានបញ្ជាអ្នកបើកយន្តហោះអាមេរិកឲ្យរក្សាយន្តហោះឱ្យឆ្ងាយពីឧបទ្វីបគ្រីមៀ»។
កាលពីថ្ងៃទី ១៤ ខែមីនា ទីបញ្ជាការនៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក (EUCOM) បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានបង្ខំឱ្យទម្លាក់យន្តហោះដ្រូនឃ្លាំមើល MQ-9 Reaper របស់ខ្លួនដែលកំពុងហោះហើរក្នុងដែនអាកាសអន្តរជាតិពីលើសមុទ្រខ្មៅ។ EUCOM អះអាងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 បានចាក់សាំងលើយន្តហោះ UAV ហើយមួយគ្រឿងទៀតបានវាយប្រហារលើស្លាបយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា