ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះឡើង។
សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ។ ដូច្នេះពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាព នៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។
ជាមួយនឹងសារ “បេះដូងច្រើនជាងគេលើពិភពលោក” ក៏បានអមដោយពាក្យស្លោកមួយឃ្លាដែរថា “បេះដូងលោតក្នុងចង្វាក់តែមួយ” ហើយក៏បានរំលេចនូវសារដ៏មានន័យថា “បេះដូងខ្មែរគ្រប់ទិសទី មូលមីរនៅអង្គរ បង្កើនសម្រស់ដ៏ស្រស់បវរ សាទរមរតកដូនតា។ បេះដូងនៃក្តីសប្បុរស ជូនអត្តពលិកមានពិការ ពោរពេញដោយក្តីស្នេហា រៀបរាប់ភាសាបេះដូងយើង”៕