ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់យូអិន សង្កត់ធ្ងន់ពីតម្តូវការ ឧបករណ៍សកល ដើម្បីទប់ស្កាត់ការបង្វែរអាវុធ

" "

យូអិន៖ មន្ត្រីជាន់ខ្ពស់ផ្នែករំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ថា ការអនុវត្តឧបករណ៍សកល សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម និងការផ្ទេរអាវុធមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់អាវុធមិនឱ្យ ធ្លាក់ចូលទៅក្នុងដៃខុស ដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ “ហានិភ័យដែលកើតចេញពី ការរំលោភលើកិច្ចព្រមព្រៀង ដែលគ្រប់គ្រងការនាំចេញអាវុធ និងឧបករណ៍យោធា” លោកស្រី Nakamitsu បានសង្កត់ធ្ងន់ថា វិធានការដើម្បីប្រឆាំងការបង្វែរអាវុធ “រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខពិភពលោក” ជាពិសេសការការពារជម្លោះ ហើយថាការធ្វើពាណិជ្ជកម្មខុសច្បាប់ និងគ្មានការគ្រប់គ្រង និងការបង្វែរអាវុធ និងគ្រាប់រំសេវរបស់ពួកគេជាកង្វល់ធំ សម្រាប់សហគមន៍អន្តរជាតិជាយូរមកហើយ”។

" "

លោកស្រីបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងហានិភ័យបែបនេះ ប្រទេសនានាបានបង្កើតសន្ធិសញ្ញា កិច្ចព្រមព្រៀង និងក្របខ័ណ្ឌគ្រប់គ្រងអាវុធអន្តរជាតិ ក្នុងតំបន់ និងទ្វេភាគីមួយចំនួន ដើម្បីទប់ស្កាត់ និងលុបបំបាត់ពាណិជ្ជកម្មខុសច្បាប់ និងការបង្វែរអាវុធធម្មតា ។

" "

លោកស្រី Nakamitsu បានជំរុញឱ្យរដ្ឋសមាជិក “អនុវត្តតាមកាតព្វកិច្ចរបស់ ពួកគេឱ្យបានពេញលេញ” ក្រោមកិច្ចព្រមព្រៀង ដែលពួកគេជាភាគី ហើយបានអំពាវនាវឱ្យមានក្របខ័ណ្ឌរឹងមាំ សម្រាប់ការគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពលើការនាំចេញ ឈ្មួញកណ្តាល ការនាំចូល ការដឹកជញ្ជូន ការរក្សាទុក និងការផ្ទេរអាវុធ និងគ្រាប់រំសេវឡើងវិញ។

លោកស្រីបានបម្ដថា “ការការពារការបង្វែរអាវុធទៅក្នុងដៃខុស ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរឹងមាំ និងការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋនាំចូល ឆ្លងកាត់ និងនាំចេញ ក៏ដូចជាប្រព័ន្ធតាមដានសំខាន់ៗ”។

លោកស្រីក៏បានសង្កត់ធ្ងន់ថា តម្លាភាពក្នុងការដឹកជញ្ជូនសព្វាវុធ “អាចបម្រើជាវិធានការកសាងទំនុកចិត្តរវាងរដ្ឋ កាត់បន្ថយភាពតានតឹង ភាពមិនច្បាស់លាស់ និងការយល់ខុស” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top