ថ្ងៃទី១០ ខែមេសា ជាថ្ងៃគម្រប់មួយខែគត់នៃ កិច្ចសន្ទនារវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់នៅក្រុងប៉េកាំង ។ ក្នុងរយៈពេលមួយខែកន្លងទៅនេះ សឹងតែរាល់ថ្ងៃសុទ្ធតែមានដំណឹងល្អ និងការវិវឌ្ឍថ្មីដែលមកពីតំបន់មជ្ឈិមបូព៌ា “ចរន្តផ្សះផ្សា”នៅតំបន់មជ្ឈិមបូព៌ាត្រូវបាន ពន្លឿនជំហានទៅមុខ ។
កាលពីថ្ងៃទី៨ ខែមេសា តាមម៉ោងក្នុងតំបន់ គណៈប្រតិភូការទូតអារ៉ាប៊ីសាអ៊ូឌីត ទៅដល់ក្រុងតេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការងារលម្អិតនៃ ការបើកស្ថានទូតនិងស្ថានកុងស៊ុល ជាថ្មីឡើងវិញរបស់ភាគីទាំងពីរ ។ ប្រទេសទាំងពីរអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ធ្វើតាម “ផែនទីបង្ហាញផ្លូវ” និង“តារាងពេលវេលា”នៃកិច្ចសន្ទនាក្រុងប៉េកាំង បោះជំហានទៅមុខឥតឈប់ឈរលើ ផ្លូវសម្របសម្រួលទំនាក់ទំនង ក៏ដូចជាបង្ហាញពីភាពស្មោះត្រង់ ក្នុងការផ្សះផ្សាតាមរយៈប្រតិបត្តិការជាក់ស្តែង ។
បច្ចុប្បន្ននេះ អារ៉ាប៊ីសាអ៊ូឌីតនិងអ៊ីរ៉ង់មានទំនាក់ទំនង ជាប្រក្រតីឡើងវិញក្រោមការជំរុញ ការចរចាសន្តិភាពរបស់ភាគីចិន ដែលបានផ្តល់គំរូដ៏សំខាន់ដល់ ប្រទេសក្នុងតំបន់សម្រាប់ដោះស្រាយ ការវិវាទតាមរយៈកិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ។ ឧទាហរណ៍ដូចជា ស្ថានការណ៍របស់ប្រទេសយេម៉ែន ។
កាលពីថ្ងៃទី៨ ខែមេសា គណៈប្រតិភូរបស់អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់បានទៅដល់ក្រុងសាណា រដ្ឋធានីយេម៉ែន ដើម្បីធ្វើការចរចាឈប់បាញ់គ្នា ជាមួយកងកម្លាំងប្រដាប់អាវុធ Houthi តាមការគ្រោងទុក ។ ប្រសិនបើអាចទទួលបានការវិវឌ្ឍជាក់ស្តែង នោះនឹងក្លាយជាគំរូដ៏ជោគជ័យ មួយទៀតនៃការដោះស្រាយការវិវាទផ្ទៃក្នុង ដោយម្ចាស់ការតាមរយៈកិច្ចសន្ទនា និងពិគ្រោះពិភាក្សារបស់ប្រទេសមជ្ឈិមបូព៌ា ។
បើមើលពីការប្រាស្រ័យទាក់ទង រវាងស៊ីរីនិងប្រទេសអារ៉ាប់អាចឃើញថា នៅខែមុន អារ៉ាប៊ីសាអ៊ូឌីតនិងស៊ីរី បានឈានដល់គំនិតឯកភាពគ្នា អំពីការបើកស្ថានទូតប្រទេសទាំងពីរជាថ្មីឡើងវិញ ។ សញ្ញាវិជ្ជមានមួយគឺ ប្រធានាធិបតីអេមីរ៉ាអារ៉ាប់រួម បានថ្លែងយ៉ាងជាក់លាក់នៅពេល ជួបសន្ទនាជាមួយលោក Bashar al-Assad ប្រធានាធិបតីស៊ីរីដែលទៅបំពេញ ទស្សនកិច្ចនៅអេមីរ៉ាអារ៉ាប់រួមនៅខែមុនថា ដល់ពេលដែលទទួលអ្នកទាំងអស់គ្នាមកវិញ ឱ្យអ្នកទាំងអស់គ្នាវិលត្រឡប់ទៅប្រទេសអារ៉ាប់វិញ ។
ក្រៅពីនេះ ក៏មានការប្រសើរឡើងវិញនៃទំនាក់ទំនង រវាងតួកគីនិងអេហ្ស៊ីបផងដែរ ។ ភាគីទាំងពីរបានប្រកាសថា នឹងរៀបចំឡើងវិញនូវទំនាក់ទំនងទ្វេភាគី ឡើងដល់ថ្នាក់ឯកអគ្គរដ្ឋទូត ក្នុងរយៈពេលដ៏សមរម្យ ។
បើមើលពីផ្ទៃក្នុង ប្រជាជនមជ្ឈិមបូព៌ាបានរងទុក្ខវេទនា ពីសង្គ្រាមយូរណាស់មកហើយ ពោលគឺរំពឹងចង់បានសន្តិភាពជាយូរមកហើយ ។ ហើយបើមើលពីផ្នែកខាងក្រៅ ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានពន្លឿន “ការដកខ្លួនចេញ”ពីមជ្ឈិមបូព៌ា ដើម្បីបន្តផ្តោតការយកចិត្តទុកដាក់ និងធនធានទៅលើអាស៊ីប៉ាស៊ីហ្វិក ។ ព្រមពេលជាមួយគ្នានេះ ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនក៏បានផ្តល់ការព្រមាន ដល់ប្រទេសមជ្ឈិមបូព៌ាថា ចាំបាច់ត្រូវបម្រះខ្លួនឱ្យ ចេញពីការជ្រៀតជ្រែកនៃបរទេស បង្កើនការធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា ដើម្បីក្តាប់ជាប់អនាគត និងវាសនារបស់មជ្ឈិមបូព៌ាក្នុងដៃរបស់ខ្លួន ។
ក្នុងដំណើរការនេះ គោលជំហរដ៏យុត្តិធម៌របស់ភាគីចិន ដែលមិនលំអៀងទៅលើអ្នកណា មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបង្កើតក្រុមសម្ព័ន្ធតូចៗ ទទួលបានការជឿទុកចិត្តពីប្រទេសមជ្ឈិមបូព៌ា ។ ជាការពិតជាក់ស្តែង តំបន់មជ្ឈិមបូព៌ាមានទំនាស់ ដ៏ស្មុគ្រស្មាញជាយូរណាស់មកហើយ ដូច្នេះដំណើរផ្សះផ្សាមិនអាច ប្រព្រឹត្តទៅដោយរលូនឡើយ។
ក្នុងរយៈពេលមួយខែកន្លងទៅនេះ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកទៅលើ សំណង់យោធាអ៊ីរ៉ង់ក្នុងដែនស៊ីរី ចាត់បញ្ជូនលោក Willian Burns ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត ដោយសម្ងាត់ហើយដាក់សម្ពាធ ទៅលើអារ៉ាប៊ីសាអ៊ូឌីត និងដាក់ពង្រាយនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា។ល។ ទង្វើមួយចំនួនទាំងនេះបានបង្ហាញថា មជ្ឈិមបូព៌ាកាន់តែមានសន្តិភាព សហរដ្ឋអាមេរិកក៏កាន់តែមានភាពស្លន់ស្លោផងដែរ ។
អ្នកទាំងអស់គ្នាមានហេតុផលជឿថា ជំហានតូចដែលអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ចាប់ដៃគ្នាផ្សះផ្សា ក៏ជាជំហានធំដែលមនុស្សជាតិ យកឈ្នះលើការប៉ះទង្គិច និងសម្រេចបាននូវការផ្សះផ្សា ៕