សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សជាង៥០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Gangneung ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលខ្យល់បក់ខ្លាំងបានបង្ក ជាភ្លើងឆេះព្រៃនៅថ្ងៃអង្គារនេះ ប៉ុន្តែការភ័យខ្លាចនៃការរីករាលដាល បន្ថែមទៀតបានធូរស្រាល ខណៈដែលភ្លៀងបានជួយ ក្រុមពន្លត់អគ្គីភ័យប្រយុទ្ធនឹងភ្លើង ។
ក្រុមសេវាព្រៃឈើកូរ៉េបានឲ្យដឹងថា ភ្លើងដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៨និង៣០នាទីព្រឹក ម៉ោងក្នុងស្រុកនៅក្នុងក្រុង Gangneung ភាគច្រើនត្រូវបានពន្លត់នៅម៉ោង ៤និង៣០នាទីល្ងាច បន្ទាប់ពីបានឆេះគ្របដណ្តប់លើផ្ទៃដី ១៧០ហិកតា និងបានជំរុញឱ្យមានការជម្លៀស ប្រជាជនប្រហែល៥៥០នាក់ នៅក្នុងក្រុងដែលមានប្រជាជនជាង ២០០.០០០នាក់ ។
ភ្នាក់ងារព្រៃឈើជាតិបានឲ្យថា អគ្គីភ័យនេះបានធ្វើឱ្យមនុស្សបីនាក់រងរបួស រួមទាំងអ្នកពន្លត់អគ្គីភ័យ២នាក់ និងបានបំផ្លាញអគាររាប់សិបខ្នង ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សំដីប៉ូលិស Gangneung ថា សាកសពមួយត្រូវបានគេរកឃើញនៅពេលរសៀល នៅក្នុងផ្ទះដែលឆេះនៅក្នុងតំបន់រងគ្រោះ ។
មន្ត្រីបានឲ្យដឹងថា ភ្លើងហាក់បានចាប់ផ្តើមបន្ទាប់ពីមានខ្យល់ខ្លាំង បានបោកដើមឈើមួយដើម ទៅលើខ្សែភ្លើងដែលនៅពីលើ ហើយបានឆាបឆេះអណ្តាតភ្លើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា