បរទេស៖ រដ្ឋាភិបាលស្វីស នឹងមិនបង្កកទ្រព្យសម្បត្តិ របស់រុស្ស៊ី បន្ថែមទៀតទេ ក្រៅពីមូលនិធិដែលបានបង្កករួចហើយ ដោយសារកង្វះភស្តុតាងដែលពួកគេ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ។ នេះបើតាម នាយករដ្ឋលេខាធិការដ្ឋានកិច្ចការ សេដ្ឋកិច្ច (SECO) លោកស្រី Helene Budliger Artieda បាននិយាយនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារជាមួយ កាសែតអាល្លឺម៉ង់ Neue Zürcher Zeitung ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយ របស់លោកស្រីបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអះអាង ពីមុនដោយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសស្វីស លោក Scott Miller ដែលបានរិះគន់ SECO កាលពីខែមុនចំពោះការមិនធ្វើគ្រប់គ្រាន់ ក្នុងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយនិយាយថា រដ្ឋាភិបាលទីក្រុង Bern អាចបង្កកប្រាក់ពី ៥០ ទៅ ១០០ ពាន់លានហ្វ្រង់ស្វីសបន្ថែមទៀតនៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ី និងប្រើប្រាស់លុយទាំងនោះ ដើម្បីជួយស្ដារអ៊ុយក្រែន។
លោកស្រី Budliger Artieda បានប្រាប់ NZZ ថា មិនមែនជនជាតិរុស្ស៊ីទាំងអស់សុទ្ធតែ ទទួលរងការដាក់ទណ្ឌកម្មទេ – មានតែភាគតិចតូចប៉ុណ្ណោះ។ “តួលេខពី ៥០ ទៅ ១០០ ពាន់លានហ្វ្រង់ត្រូវបានផ្សព្វផ្សាយ ដំបូងជាការប៉ាន់ប្រមាណ ដែលអាចធ្វើទៅបាននៃមូលនិធិរុស្ស៊ី ក្រោមការគ្រប់គ្រងរបស់ [ស្វីស] ប៉ុន្តែវាមិនមែនជាការប៉ាន់ស្មាន ដែលផលិតដោយប្រទេសស្វីសទេ។
រដ្ឋាភិបាលទីក្រុង Bern បានបង្កកទ្រព្យសម្បត្តិរុស្ស៊ីចំនួន ៧,៥ពាន់លានហ្វ្រង់ (៨,៣ ពាន់លានដុល្លារ) ចាប់តាំងពី EU បានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ យោងតាមប្រធាន SECO មូលនិធិដែលត្រូវបានទប់ស្កាត់ស្មើនឹងប្រហែល “មួយភាគបីល្អ” នៃ ២១,៥ ពាន់លានអឺរ៉ូ (២៣,៤ ពាន់លានដុល្លារ) ដែលបានបង្កកនៅទូទាំងសហភាពអឺរ៉ុប ប៉ុន្តែការបង្កកទ្រព្យសម្បត្តិ បន្ថែមទៀត នឹងតម្រូវឱ្យ មានភស្តុតាងដែលថា មូលនិធិត្រូវបានភ្ជាប់ជាមួយអង្គភាពទណ្ឌកម្ម ឬបុគ្គល៕
ប្រែសម្រួលៈ ណៃ តុលា