ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋាភិបាលជប៉ុន ដកបទបញ្ជាជម្លៀសពលរដ្ឋ នៅភាគខាងជើង កោះហុកកៃដូ ក្រោយពីកូរ៉េខាងជើង បាញ់មីស៊ីល ថានឹងធ្លាក់ចូលជិតដែនកោះនេះ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា រដ្ឋាភិបាលជប៉ុន បានដកបទបញ្ជាជម្លៀសប្រជាជន នៅភាគខាងជើងនៃកោះហុកកៃដូ ដោយបានលើកឡើងថា ប្រព័ន្ធព្រមាន គ្រាអាសន្នបានព្យាករណ៍ខុសថា មីស៊ីលដែលបាញ់ចេញពីកូរ៉េខាងជើងនឹងធ្លាក់នៅជិតកោះនេះ ។

រដ្ឋាភិបាលជប៉ុន បានជំរុញឱ្យប្រជាជននៅកោះហុកកៃដូ ចួលរកកន្លែងជ្រកកោននៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការ បាញ់មីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែមន្ត្រីក្នុងតំបន់ក្រោយមកបានលើកឡើងថា គ្រាប់មីស៊ីលនេះ នឹងមិនចុះចតនៅជិតតំបន់ភាគខាងជើងរបស់ប្រទេសជប៉ុននោះទេ ។

រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងការព្រមាន ដំបូងដោយប្រាប់ដល់អ្នកស្រុកហុកកៃដូថា “ជម្លៀសចេញជាបន្ទាន់ ។ ជម្លៀសភ្លាមៗ” ។

ការព្រមានបានបញ្ជាក់ឲ្យដឹងថា គ្រាប់មីស៊ីលនេះត្រូវបានគេរំពឹងថា នឹងធ្លាក់នៅប្រហែលម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧ព្រឹក ម៉ោងនៅសិង្ហបុរី ។

ប៉ុន្តែមិនយូរប៉ុន្មាន ទីក្រុង Asahikawa ដែលនៅលើកោះ ហុកកៃដូ បានបង្ហោះសារថា លែងមានការព្រួយបារម្ភពី គ្រោះថ្នាក់ទៀតហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top