ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិ អាមេរិក ប្ដេជ្ញាបន្ដគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសរបស់លោកជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ។

លោក Shmyhal ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ លើបណ្ដាញ Telegram ថា “យើង​បាន​ពិភាក្សា​លម្អិត​អំពី​តម្រូវការ​បន្ទាន់​របស់​អ៊ុយក្រែន សម្រាប់​ការ​អនុវត្ត​ជោគជ័យ​នៃ​ប្រតិបត្តិការ​វាយលុក​មួយ​ទៀត​ដើម្បី​រំដោះ​ទឹកដី​អ៊ុយក្រែន”។

លោក Shmyhal បានលើកឡើងថា ជាពិសេស អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារអាកាស កាំភ្លើងធំ និងឧបករណ៍ កាំភ្លើងត្បាល់ និងគ្រាប់រំសេវសម្រាប់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​បន្ថែម​ថា អ៊ុយក្រែន​ក៏​ពឹង​លើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​ឱ្យ​វា​នូវ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ។ នៅព្រឹកថ្ងៃដដែល Shmyhal បានមកដល់សហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ចមួយ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងទណ្ឌកម្ម សម្រាប់អ៊ុយក្រែន ក៏ដូចជាការវិនិយោគ និងជំនួយសម្រាប់ការកសាងឡើងវិញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top