ប៊ែកឡាំង៖ អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសង្គម (SPD) ដែលកំពុងគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ បានស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីបារាំងលោល អរម៉ានុយអែល ម៉ាក្រុង ឱ្យសហភាពអឺរ៉ុប កាន់តែឯករាជ្យពីសហរដ្ឋអាមេរិក។
ទាក់ទិននឹងសំណួរតៃវ៉ាន់ អឺរ៉ុប “ពិតជាត្រូវតែព្យាយាមបង្កើតតួនាទីឯករាជ្យប្រសិនបើអាចធ្វើទៅបាន និងមិនលេចឡើងជាឧបសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់” នេះបើតាមលោក Rolf Muetzenich ប្រធានក្រុមសភានៃគណបក្ស SPD របស់អធិការបតីលោក Olaf Scholz បានប្រាប់ទូរទស្សន៍សាធារណៈ ARD ។
ទោះជាយ៉ាងណាក៏ដោយ ទម្ងន់របស់អឺរ៉ុបនៅអាស៊ីមានកម្រិត នេះបើយោងតាមលោក Muetzenich ដោយលោកបានលើកឡើងថា “យើងស្ថិតនៅលំដាប់ទី២ ប្រហែលជាសូម្បីតែថ្នាក់ទីបី ដែលមានសារៈសំខាន់នៅក្នុងតំបន់នេះ” លោកថា “ទស្សនៈខុសគ្នា” គឺប្រសើរជាង “តែងតែនិយាយតែអំពីភាគី ដែលអ្នកភ្ជាប់ខ្លួនអ្នកទៅ” ។
គណបក្សឆ្វេងនិយមរបស់អាល្លឺម៉ង់ ក៏បានគាំទ្រគំនិតរបស់ប្រធានាធិបតីបារាំង អំពីឯករាជ្យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុបផងដែរ។ លោក Dietmar Bartsch អ្នកនយោបាយគណបក្សឆ្វេងនិយម បានលើកឡើងថា វាគឺជាគោលដៅដ៏មានតម្លៃ ប្រសិនបើវាត្រូវបានផ្សំជាមួយនឹងគោលបំណងនៃការក្លាយជាមហាអំណាចសន្តិភាពរបស់ពិភពលោក។
លោក ម៉ាក្រុង បានឲ្យដឹងកាលពីសប្តាហ៍មុនថា អឺរ៉ុបត្រូវតែកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោក បានប្រាប់អ្នកសារព័ត៌មានពីសេវាព័ត៌មាន POLITICO ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងកាសែតបារាំង Les Echos ថា អឺរ៉ុបបានបង្កើនការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សព្វាវុធ និងថាមពល ហើយឥឡូវនេះត្រូវតែផ្តោតលើការជំរុញឧស្សាហកម្មការពារអឺរ៉ុប។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “អធិបតេយ្យភាពអឺរ៉ុប” កាលពីថ្ងៃអង្គារក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហូឡង់ ហើយថ្លែងសុន្ទរកថានៅមហោស្រព Amare ក្នុងទីក្រុងឡាអេ លោក មឡាក្រុង បានសង្កត់ធ្ងន់ថា គោលគំនិតនៃអធិបតេយ្យភាពអឺរ៉ុបគឺ “មានសារៈសំខាន់ខ្លាំងណាស់”៕
ប្រែសម្រួល ឈូក បូរ៉ា