ព័ត៌មានអន្តរជាតិ

រុស្ស៊ី សាកល្បង​មីស៊ីលផ្លោងអន្ដរទ្វីប ដោយ​ជោគជ័យ ក្រោយ​ទម្លាក់​ចោល​ សន្ធិសញ្ញា​នុយក្លេអ៊ែរ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានធ្វើការបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) “កម្រិតខ្ពស់” កាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ របស់ប្រទេសនេះ។

Sky News បានហៅការបាញ់បង្ហោះនេះជា “ការសាកល្បងជាសាធារណៈលើកដំបូង ដោយជោគជ័យ” នៃអាវុធបែបនេះដោយទីក្រុងមូស្គូ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសកាលពីខែកុម្ភៈថា លោកកំពុងផ្អាកការចូលរួម របស់ប្រទេសលោក នៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយ ដែលនៅសេសសល់ ជាមួយសហរដ្ឋអាមេរិក។

ការដកខ្លួនចេញពីសន្ធិសញ្ញានេះ បានទាក់ទាញការបរិហារ ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលឆ្លើយតបនឹងទង្វើនេះ ដោយនិយាយក្នុងសន្និសីទសារព័ត៌មានថា លោកពូទីនបានធ្វើឱ្យច្បាស់ថា “លោកកំពុងរៀបចំ សម្រាប់សង្រ្គាមបន្ថែមទៀត”។

ការ​សាកល្បង​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​ កាល​ពី​ខែ​មីនា​របស់​លោក ពូទីន ដែល​ថា​លោក​នឹង​ដាក់​ទីតាំង​អាវុធ​នុយក្លេអ៊ែរ ​ក្នុង​ប្រទេស​បេឡារុស្ស។ ការសម្រេចចិត្តនេះបាននាំឱ្យមានការថ្កោលទោស ពីមេដឹកនាំពិភពលោក ប៉ុន្តែលោក ពូទីន បានការពារការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសជិតខាងនៅអឺរ៉ុបខាងកើត ដោយនិយាយថា សហរដ្ឋអាមេរិក បានដាក់អាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រនៅលើទឹកដី នៃប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ជាយូរមកហើយ។

ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ពីប្រភេទមីស៊ីលណា ដែលត្រូវបានប្រើនៅក្នុងការបាញ់បង្ហោះនោះទេ ប៉ុន្តែបានសំដៅលើសមយុទ្ធនេះ ជាមធ្យោបាយមួយ ដើម្បីសាកល្បងឧបករណ៍ ប្រយុទ្ធកម្រិតខ្ពស់នៃមីស៊ីលផ្លោងអន្តរទ្វីប” នេះបើយោងតាមការបកប្រែ ដោយសារព័ត៌មានរដ្ឋរុស្ស៊ី TASS ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top