ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងក្រុមរបស់លោក បានលួចជំនួយអាមេរិកយ៉ាងតិច ៤០០លានដុល្លារ

បរទេស៖ អ្នកកាសែតផ្នែកស៊ើបអង្កេត គឺលោក Seymour Hersh បានអះអាងកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់របស់លោកកំពុងក្លែងបន្លំប្រាក់របស់អ្នកជាប់ពន្ធអាមេរិក រាប់រយលានដុល្លារ។ ការបោកប្រាស់លុយ ដែលត្រូវបានចោទប្រកាន់នេះ ថែមទាំងរួមបញ្ចូលគម្រោង ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយរុស្ស៊ីខ្លួនឯងផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Hersh បានអះអាងនៅក្នុងអត្ថបទថ្មីមួយស្តីពី Substack ដោយលើកឡើងពីការប៉ាន់ស្មានរបស់ CIA ថា លោក Zelensky និងបក្ខពួករបស់គាត់បានក្លែងបន្លំ យ៉ាងហោចណាស់ ៤០០ លានដុល្លារពីមូលនិធិអាមេរិក សម្រាប់លទ្ធកម្មប្រេងម៉ាស៊ូតកាលពីឆ្នាំមុន។

រដ្ឋាភិបាលទីក្រុងគៀវ ត្រូវបានគេចោទប្រកាន់ថា បាននឹងកំពុងទិញប្រេងម៉ាស៊ូត ដែលចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមពីប្រទេសរុស្ស៊ីផ្ទាល់ ហើយនៅក្នុងដំណើរការនេះ បានកាត់បន្ថយចំនួនដ៏ច្រើន នៃមូលនិធិរបស់សហរដ្ឋអាមេរិក ដែលបានកំណត់សម្រាប់ការទូទាត់ប្រេងម៉ាស៊ូត។

របាយការណ៍បានបង្ហាញពីមុន អំពីរបៀបដែលផលិតផលប្រេងមានដើមកំណើតនៅរុស្ស៊ី បានដឹកជញ្ជូនទៅអ៊ុយក្រែនតាមរយៈប្រទេសប៊ុលហ្គារី និង ប្រទេសឡាតវី។ គ្រោងការណ៍ដែលពាក់ព័ន្ធនឹងរដ្ឋបាល់ទិក ដែលត្រូវបានរាយការណ៍លម្អិតដោយកម្មវិធីទូរទស្សន៍ឡាតវី ឈ្មោះ Neka Persiniga ប្រហែលជាបានរំលោភលើទណ្ឌកម្ម ប្រឆាំងរុស្ស៊ីរបស់សហភាពអឺរ៉ុប។

អ្នកជំនាញម្នាក់ដែលបានលើកឡើង ដោយលោក Hersh បានប្រៀបធៀបកម្រិត នៃអំពើពុករលួយនៅក្នុងលទ្ធកម្មរបស់អ៊ុយក្រែនទៅនឹងអ្វីដែលត្រូវបានគេ មើលឃើញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក កំពុងទទួលបន្ទុកនៅទីក្រុងកាប៊ុល។ បើតាមប្រភពនានារបស់លោក គឺក្រសួងនានាក្នុងក្រុងគៀវ ប្រកួតប្រជែងបង្កើតក្រុមហ៊ុនជួរមុខ ដើម្បីនាំចេញអាវុធ និងគ្រាប់រំសេវ ដោយមន្ត្រីពាក់ព័ន្ធទទួលផលចំណេញពីប្រាក់កាក់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនមិនបានឃើញភស្តុតាង នៃអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបង្វែរទៅកន្លែងផ្សេងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top