បរទេស៖ ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮ ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងកំពង់ផែ Wakayama នៅថ្ងៃសៅរ៍ ដោយបង្កើតភាពចលាចល នៅពេលដែលហ្វូងមនុស្សព្យាយាមភៀសខ្លួន។ នាយករដ្ឋមន្ត្រី Kishida ត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុ ដោយរាយការណ៍ថាមិនមានរបួសទេ ហើយសមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យម្នាក់ទៅឃុំខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើង នៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន Kishida បានរៀបចំថ្លែងសុន្ទរកថា នៅឯកំពង់ផែនេសាទ Saigasaki ដោយមានបុរសម្នាក់ បានងើបចេញពីហ្វូងមនុស្សហើយបានគប់អ្វីដែលហាក់ដូចជា “គ្រាប់បែកផ្សែង” ឆ្ពោះទៅកាន់ Kishida នេះបើយោងតាមសារព័ត៌មានក្យូដូ។ .
សាក្សីជាច្រើននាក់ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មានជប៉ុន NHK រួមទាំងសមាជិកក្រុមប្រឹក្សា ក្រុងក្នុងតំបន់បាននិយាយថា ពួកគេបានឃើញមាននរណាម្នាក់បោះ “វត្ថុប្រាក់រាងស៊ីឡាំង” ភ្លាមៗមុនពេលផ្ទុះ។ នេះបើតាមសេចក្តីរាយការណ៍បឋមថា មិនមានអ្នករងរបួសទេ។
ការភ័យស្លន់ស្លោ ត្រូវបានគេថតជាប់តាមវីដេអូ ដែលបង្ហាញពីមន្រ្តីប៉ូលីសកំពុងវាយតប់ ជាមួយជនសង្ស័យនៅលើដី ខណៈដែលពួកគេព្យាយាមបង្ក្រាបគាត់។ អ្នកឈរមើលក៏ត្រូវបានគេឃើញ រត់គេចខ្លួនគ្រប់ទិសទីចំពេល មានភាពច្របូកច្របល់។
លោក Kishida មិនមានរបួសនោះទេ ហើយត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាពពីតំបន់កើតហេតុ, នេះបើតាមមន្ត្រីជប៉ុន។ មេដឹកនាំរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ ដើម្បីស្វែងរកសំឡេងគាំទ្រ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ខណៈដែលបេក្ខជនធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតជ្រើសរើសអាណត្តិ ដែលនឹងធ្វើឡើងនៅចុងខែនេះ៕ ប្រែសម្រួលៈ ណៃ តុលា