រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធរបបយោធា ដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារ តាមអាកាសកាលពីថ្ងៃអង្គារ ទៅលើភូមិភាគពាយ័ព្យមួយ ដែលក្នុងនោះមនុស្សរាប់សិបនាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ដោយទទួលបានការថ្កោលទោស ពីអង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិចផងដែរ ។
ចំនួនអ្នកស្លាប់ពិតប្រាកដពីការវាយប្រហារ តាមអាកាសមកលើទីប្រជុំជន Kanbalu ដាច់ស្រយាលនៅក្នុងតំបន់ Sagaing នៅតែមិនទាន់ច្បាស់នៅឡើយទេ ។
ប៉ុន្តែគេជឿថា មនុស្សរហូតដល់១០០នាក់ត្រូវបានសម្លាប់ ដែលធ្វើឱ្យកណីនេះក្លាយជាមនុស្សស្លាប់ច្រើនបំផុត នៅក្នុងការវាយប្រហារតាមអាកាស របស់យោធានាពេលថ្មីៗនេះ។
លោក Volker Turk ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ បានលើកឡើងថា លោកមានការរន្ធត់ចិត្ត ចំពោះការវាយប្រហារតាមអាកាសដ៏សាហាវនេះ ដែលជនរងគ្រោះដែលលោកបានបញ្ជាក់ថា រួមមានក្មេងៗសិស្សសាលា ដែលសំដែងរបាំ ដោយស្ថាប័នពិភពលោកអំពាវនាវ ឱ្យអ្នកទទួលខុសត្រូវទាំងនោះ ត្រូវបាននាំមកកាត់ទោស ។
អ្នកការទូតបានលើកឡើងថា រុស្ស៊ី និងចិន បានរារាំងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពីការចេញសេចក្តីថ្លែងការណ៍ ដែលព្រាងដោយអង់គ្លេសកាលពីថ្ងៃពុធ ដោយថ្កោលទោស ការវាយប្រហារតាមអាកាស និងអំពាវនាវឱ្យមានការទទួលខុសត្រូវ ។
ឯកអគ្គរដ្ឋទូតរងរបស់អង្គការ សហប្រជាជាតិរុស្ស៊ី Dmitry Polyanskiy បានថ្លែងថា “មានព័ត៌មានផ្ទុយគ្នាអំពីកាលៈទេសៈ នៃការវាយប្រហារនៅក្នុងការចោទសួរ ។ យើងត្រូវមានរូបភាពច្បាស់លាស់ជាមុនសិន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា