ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានបរិហាររុស្ស៊ី ក្រោយបង្ហាញរូបភាពកាត់ក្បាល​ អ្នកទោសអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើរុស្ស៊ី បន្ទាប់ពីវីដេអូមួយបានលេចចេញឡើង ដើម្បីបង្ហាញពីការកាត់ក្បាល អ្នកទោសអ៊ុយក្រែន ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ជាអន្តរជាតិ ។

ការលេចចេញនូវវីដេអូ ដ៏គួរឱ្យរសើបបំផុត ដែលទីភ្នាក់ងារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន ដោយក្រុង គៀវ បានលើកឡើងថា ប្រទេសរុស្ស៊ី “អាក្រក់ជាងក្រុម ISIS” ទៅទៀត ដែលជាពាក្យកាត់សម្រាប់ក្រុមរដ្ឋឥស្លាម ។

សហភាពអឺរ៉ុបបានសន្យាថា នឹងនាំយកឧក្រិដ្ឋជនសង្គ្រាម មកទទួលខុសត្រូវ ខណៈដែលបេសកកម្មរបស់អង្គការ សហប្រជាជាតិក្នុងប្រទេសអ៊ុយក្រែន បានលើកឡើងថា ពិតជា “មានការរន្ធត់ចិត្ត” ខ្លាំងណាស់ ។

បេសកកម្មឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅអ៊ុយក្រែន ក៏បានចង្អុលទៅវីដេអូមួយទៀត ដែលកំពុងរីករាលដាលតាមអ៊ីនធើរណេត ដោយបានលើកឡើងថា វា “បង្ហាញសាកសពដែលបំផ្លិចបំផ្លាញ នៅអ៊ុយក្រែនជាក់ស្តែង” ។

គេមិនបានមិនដឹងច្បាស់ ថាតើ វីដេអូនោះត្រូវបានថត នៅពេលណា ឬនៅទីណានោះទេ ។ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា ពួកគេកំពុងព្យាយាមកំណត់អត្តសញ្ញាណ ជនរងគ្រោះដែលត្រូវបានគេកាត់ក្បាល ។

ក្រុងមូស្គូ និងក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានសម្លាប់អ្នកទោសសង្គ្រាម ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែន ជាង១ឆ្នាំមុនមកឈ្លានពានអ៊ុយក្រែន ៕​​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top