តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានជំរុញឱ្យកងកម្លាំងបរទេស ជាពិសេសសហរដ្ឋអាមេរិក ចាកចេញពីតំបន់អាស៊ីខាងលិច ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ខណៈដែលពួកគេកំពុង សម្របសម្រួល សន្តិសុខក្នុងតំបន់។
លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីប្រារព្ធទិវាកងទ័ពជាតិរបស់អ៊ីរ៉ង់នៅថ្ងៃទី១៨ ខែមេសា នេះបើយោងតាមគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
លោក Raisi បានកត់សម្គាល់ថា កងកម្លាំងទាំងនោះបានបរាជ័យក្នុងការធានាសន្តិសុខ សម្រាប់ប្រទេសក្នុងតំបន់ ខណៈដែលវត្តមានរបស់កងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ នៅក្នុងផ្នែកណាមួយ នៃតំបន់បានធានាសន្តិសុខ។
ងាកទៅពិធីនៃទិវាកងទ័ពជាតិ លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះបានបញ្ជូនសារនៃ “សន្តិភាព និងមិត្តភាព” ទៅកាន់ប្រទេសក្នុងតំបន់ ដោយបន្ថែមថា ប្រទេសណាដែលចង់ធានាសន្តិសុខក្នុងតំបន់ នឹងត្រូវបានស្វាគមន៍ និងគាំទ្រដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា ពិធីនេះមានការរៀបចំព្យុហយាត្រាដ៏ធំដោយអង្គភាពនៃកងពលធំទាំងបួនរបស់កងទ័ពគឺ កម្លាំងជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងការពារដែនអាកាស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។
លោក Raisi បានកត់សម្គាល់ថា នាពេលនេះ កងទ័ពអ៊ីរ៉ង់ គឺជាកម្លាំងដែលបំពាក់ដោយបរិក្ខារ និងទំនើប ដែលបានប្រែក្លាយការគំរាមកំហែង និងការដាក់ទណ្ឌកម្មទៅជាឱកាស៕
ប្រែសម្រួល ឈូក បូរ៉ា