តេអេរ៉ង់៖ អ៊ីរ៉ង់ បានដាក់បង្ហាញប្រព័ន្ធរ៉ាដាដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពអាចរកឃើញយានជំនិះខ្នាតតូចក្នុងរយៈកម្ពស់ទាប (MAVs) កាលពីថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។
ប្រព័ន្ធរ៉ាដា ដែលមានឈ្មោះថា Shahid (Martyr) Jalilvand ត្រូវបានដាក់បង្ហាញក្នុងពិធីមួយ ដែលមានការដង្ហែរក្បួនដោយកងកម្លាំងជើងគោក កងទ័ពជើងទឹក ទ័ពអាកាស និងកងពលការពារអាកាស ដើម្បីប្រារព្ធទិវាកងទ័ពជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៨ ខែមេសា។
ប្រព័ន្ធរ៉ាដានេះ ក៏មានលក្ខណៈពិសេសដូចជាការរកឃើញគោលដៅ 3D សមត្ថភាពយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការប្រតិកម្មរហ័ស ការស៊ូទ្រាំបានយូរ និងការប្រើប្រាស់បច្ចេកទេសទំនើប សម្រាប់ការវាស់មុំច្បាស់លាស់ និងឧបករណ៍ប្រឆាំងសង្គ្រាមអេឡិចត្រូនិក។
សារព័ត៌មាន Fars បានរាយការណ៍ថា ប្រព័ន្ធរ៉ាដាដំណាក់កាលដំណាក់កាលមធ្យម បង្កើនសមត្ថភាពរាវរកនៃប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ ដែលអាចឱ្យពួកគេកំណត់អត្តសញ្ញាណ MAVs រយៈកម្ពស់ទាប។
ក្នុងអំឡុងពេលព្យុហយាត្រា កងទ័ពអ៊ីរ៉ង់ ក៏បានដាក់តាំងបង្ហាញឧបករណ៍ និងសព្វាវុធទំនើបៗផ្សេងទៀត រួមមាន កាំជ្រួចផលិតក្នុងស្រុក រថក្រោះ រថពាសដែក យន្តហោះដ្រូន ប្រព័ន្ធរ៉ាដា និងប្រព័ន្ធកាំជ្រួចការពារដែនអាកាស ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន IRIB របស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា