បរទេស៖ ក្រុមនៃបណ្តាប្រទេសសេដ្ឋកិច្ចឈានមុខគេលោកខាងលិចបានប្រកាសថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកដោយប្រទេស G7 នឹងនៅតែ “បង្កកដដែល” រហូតដល់ជម្លោះអ៊ុយក្រែនត្រូវបានដោះស្រាយ ហើយទីក្រុងម៉ូស្គូផ្តល់សំណង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះបាននិយាយបន្ទាប់ពីកិច្ចប្រជុំសប្តាហ៍នេះនៅប្រទេសជប៉ុនថា “ដំណោះស្រាយណាមួយចំពោះជម្លោះត្រូវតែធានាឱ្យប្រទេសរុស្ស៊ីចំណាយទៅលើការខូចខាតដែលខ្លួនបានបង្កឡើង” ។
រដ្ឋមន្ត្រីការបរទេស G7 ក៏បានប្រកាសពីចេតនារបស់ពួកគេក្នុងការពង្រឹងការរឹតបន្តឹងសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងដាក់ទណ្ឌកម្មភាគីទីបីចំពោះការប៉ុនប៉ងណាមួយដើម្បី “គេចវេស និងធ្វើឱ្យខូចដល់វិធានការដាក់ទណ្ឌកម្មរបស់ G7″។ ប្រទេស G7 បានព្រមានថា ពួកគេត្រូវតែ “បញ្ឈប់ជំនួយដល់សង្រ្គាមរបស់រុស្ស៊ី ឬប្រឈមមុខនឹងការចំណាយដ៏ធ្ងន់ធ្ងរ”។
ក្រុមប្រទេស G7 ដែលរួមមាន ប្រទេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក បានថ្កោលទោសទីក្រុងមូស្គូចំពោះការបើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕